កីឡាករ Man Utd ធ្លាប់ត្រូវមាត់លោកគ្រូតា Sir Alex ព្រោះតែមិនចង់ផ្តល់ហត្ថលេខាជូនអ្នកគាំទ្រ

អតីតខ្សែការពារស្លាបឆ្វេងដ៏ឆ្នើមរបស់ក្រុមបិសាចក្រហម Manchester United លោក Patrice Evra ជារឿយៗបានចេញមករៀបរាប់ប្រាប់អ្នកគាំទ្រពីអនុស្សាវរីយ៍កាលលោកនៅលេងឲ្យក្លិបដ៏ជោគជ័យនៅប្រទេសអង់គ្លេសមួយនោះ។ Evra បានរៀបរាប់រឿងមួយតាមរយៈ Manchester United Podcast ថា៖ មានគ្រាមួយពេលពួកយើងត្រូវទៅលេងកម្តៅសាច់ដុំមុនបើករដូវកាលថ្មី (Pre-Season Tournament) ពួកយើងបានធ្វើដំណើរតាមរថយន្តក្រុង ហើយមុនពេលយើងរៀបឡើងឡាន ម្នាក់ៗពិតជាអស់កម្លាំងណាស់។

នៅពេលនោះយើងឃើញមានអ្នកគាំទ្រមួយហ្វូងធំសម្តៅមកកាន់ឡានក្រុងរបស់យើង ហើយពេលនោះកីឡាករទាំងអស់នោះធ្វើមុខឲ្យសញ្ញាគ្នាថា បើគ្មានអ្នកផ្តល់ហត្ថលេខាឲ្យអ្នកគាំទ្រទេត្រូវស្រូតឡើងទៅអង្គុយលើឡានទាំងអស់គ្នា។ បន្ទាប់មកពួកយើងក៏នាំគ្នាឡើងទៅលើឡានអង្គុយ ហើយមើលតាមកញ្ចក់ទៅឃើញ Sir Alex កំពុងឈរផ្តល់ហត្ថលេខាឲ្យអ្នកគាំទ្រដែលកំពុងតែរោមគាត់។ ខ្ញុំហ៊ានស្បថបើមិនច្រឡំគាត់ឈរឲ្យហត្ថលេខាគេជាង៤០នាទីឯណោះ (គាត់ស៊ីញ៉េឲ្យហ្វេនគ្រប់ៗគ្នា) បន្ទាប់មកខ្ញុំក្រោកឡើងប្រាប់មិត្តរួមក្រុមថា ចាំមើលពេលលោកគ្រូធំឡើងមកដឹងតែត្រូវមាត់ទៀតហើយ។


ទីបំផុតពេលគាត់ឡើងមកលើឡាន គាត់ធ្វើមុខម៉ូវដាក់យើងគ្រប់គ្នា ហើយស្រែកខ្លាំងៗថា៖ ពួកឯងគិតថាខ្លួនឯងជានរណាហ្អាស់? កុំភ្លេចថាប្រាក់ខែពួកឯងទាំងអស់គ្នាបានពីអ្នកគាំទ្រទាំងនោះណា! ពួកគេខំចំណាយពេលមកមើលការប្រកួតរបស់ពួកឯង។ គាត់ខឹងខ្លាំងណាស់ ហើយដេញពួកយើងឲ្យចុះទៅផ្តល់ហត្ថលេខាឲ្យអ្នកគាំទ្រភ្លាមៗ។


សូមបញ្ជាក់ថា លោក Sir Alex Ferguson ត្រូវបានគេចាត់ទុកថា ជាព្រឹទ្ធាចារ្យបាល់ទាត់ ដោយលោកធ្លាប់កសាងភាពជោគជ័យជាច្រើនក្នុងវិស័យកីឡាបាល់ទាត់ ពិសេសនៅក្រុម Manchester United តែម្តង។ លោកជាគ្រូបង្វឹកតែម្នាក់គត់ដែលកាន់តំណែងជាគ្រូនៅក្លិបតែមួយបានយូរជាងគេដោយលោកបានឡើងដឹកនាំក្រុមបិសាចក្រហមតាំងពីឆ្នាំ១៩៨៦ ដល់២០១៣ និងឈ្នះពានលីគកំពូលអង់គ្លេសដល់ទៅ១៣សម័យជាមួយក្រុមដែលមានមូលដ្ឋាននៅភាគខាងជើងនៃប្រទេសអង់គ្លេសមួយនោះ។