ខេត្តស្វាយរៀង៖ នៅថ្ងៃចន្ទ ១១កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ២០១២០ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា លោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា និងសហការី បាននាំយកអំណោយមនុស្សធម៌របស់សាខាចុះសួរសុខទុក្ខ និងចែកអំណោយដល់ គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២០  ចំនួន ២៥ ខ្នង  ក្នុងនោះខូចខាតទាំងស្រុង ៦ ខ្នង មធ្យម ១៣ ខ្នង និងខូចខាតស្រាល ៦ ខ្នង ក្នុងស្រុកស្វាយទាប ១២ ខ្នង កំពង់រោទិ៍ ១១ ខ្នង រំដួល ១ ខ្នង ក្រុងស្វាយរៀង ១ ខ្នង   ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោកជំទាវ ដួង វណ្ណា បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ដែលជានិច្ចកាលសម្ដេច តែងតែគិតគូរពីសុខទុក្ខ និងជំរុញឲ្យមានការដោះស្រាយបញ្ហានានារបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង  ហើយសូមសម្តែងនូវការសោកស្តាយចំពោះការខូចខាតទ្រព្យសម្បត្តិ ផ្ទះសំបែងបង្ករដោយគ្រោះធម្មជាតិដែលមិននឹកស្មានដល់ ។

ទន្ទឹមនេះលោកជំទាវក៏ផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និង ក្រុមគ្រួសារ ដោយត្រូវបិទទូរទស្សន៍ ទូរស័ព្ទ រកកន្លែងដែលមានសុវត្ថិភាព នៅពេលមានភ្លៀងធ្លាក់ ដែលងាយនឹងបង្កឲ្យមានគ្រោះថ្នាក់ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់ ត្រូវមើលថែទាំកូនចៅឲ្យបានល្អ ជាពិសេសក្មេងតូចៗកុំឲ្យលេងទឹកដែលអាចបង្កឲ្យមាន គ្រោះថ្នាក់ដោយករណីលង់ទឹក ត្រូវថែរក្សាសុខភាព និងមានអនាម័យល្អក្នុងការរស់នៅ ត្រូវត្រៀមឧបករណ៍ សម្ភារ ពូជជាដើមសម្រាប់ការងារបង្កបង្កើនផលនារដូវវស្សា ឲ្យបានទាន់ពេលវេលា ។

អំណោយដែលបានចែកជូនទាំង ២៥ គ្រួសារ ៖ សម្រាប់គ្រួសាររងគ្រោះធ្ងន់ធ្ងរ ៦ គ្រួសារ ទទួលបាន អង្ករ ៣០ គក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប ធុងទឹកជ័រ ១ ឆ្នាំងបាយ-សម្ល ២ ក្រណាត់កៅស៊ូតង់ ១ កន្ទេលបត់ ១ អាវយឺត ២ ឃីត ១ កញ្ចប់ (ភួយ មុង សារុង ក្រមា) និងថវិកា ២០០,០០០ រៀល ។ គ្រួសាររងគ្រោះមធ្យម ១៣ គ្រួសារ ក្នុង ១ គ្រួសារ ទទួលបាន អង្ករ ៣០ គក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹក ស៊ីអ៊ីវ ៦ ដប កន្ទេលបត់ ១ អាវយឺត ២ ឃីត ១ កញ្ចប់ (ភួយ មុង សារុង ក្រមា) និងថវិកា ៥០,០០០ រៀល និង សម្រាប់ គ្រួសាររងគ្រោះស្រាល ៦ គ្រួសារ ទទួលបានថវិកា ៥០,០០០ រៀល  សម្រាប់ទិញសម្ភារជួសជុលផ្ទះឡើងវិញ ៕ ក្នុងពិធីនោះដែរលោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ បានឧបត្ថម្ភថវិកាបន្ថែមដល់គ្រួសាររងគ្រោះធ្ងន់ ៦ គ្រួសារ ក្នុង ១ គ្រួសារ ១០០,០០០ រៀល គ្រួសាររងគ្រោះមធ្យម ១៣ គ្រួសារ ក្នុង ១ គ្រួសារ ៥០,០០០ រៀល ។