ភ្នំពេញ៖ ក្មេងស្រីវ័យ១៥ឆ្នាំម្នាក់ដើររកការងារធ្វើប៉ុន្តែដោយនាងមិនទាន់គ្រប់អាយុទើបគ្មានក្រុមហ៊ុនណាមួយហ៊ានទទួលយកឲ្យចូលធ្វើការសោះព្រោះគ្មានអ្នកធានា បន្ទាប់មកនាងបានជួបជាមួយបុរសអ្នករត់ម៉ូតូឌុបម្នាក់ ហើយ ត្រូវបុរសចំណាស់នោះប្រាប់ថាចាំគាត់ជួយធានាឲ្យបានចូលធ្វើការដែលជាហេតុធ្វើឲ្យនាងត្រេកអរណាស់។ប៉ុន្តែទីបំផុតបែរជាត្រូវបុរសនោះដឹកនាងចូលទៅក្នុងផ្ទះសំណាក់រួចឆក់យកព្រហ្មចារីយ៍ដោយធ្វើសកម្មភាពចាប់រំលោភសេពសន្ធវៈរហូតបានសម្រេចមួយភ្លេត២លើក និងប្រងរំលោភជាលើកទី៣ទៀតតែនាងបានការពារខ្លួននិងបានប្រើកាំបិតបុ័ងតោកាប់ទៅលើបុរសនេះបណ្ដាលឲ្យរងរបួសច្រើនកន្លែង។ បន្ទាប់មកត្រូវបាននគរបាលហៅរថយន្តសង្រ្គោះអង្គភាព៧១១ដឹកទៅកាន់មន្ទីរពេទ្យភ្លាម ចំណែកក្មេងស្រីខាងលើក៏ត្រូវបាននគរបាលឃាត់ខ្លួននាំទៅកាន់ប៉ុស្តិ៍ចោមចៅទី៣ផងដែរ។
ហេតុការណ៍នោះបានកើតឡើងនៅវេលាម៉ោង៩ និង៤៥នាទីព្រឹកថ្ងៃទី០១ មិថុនា ឆ្នាំ២០២០ នៅក្នុងផ្ទះសំណាក់ «រស្មីជម្ពូវ័ន» ភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។នគរបាលប៉ុស្តិ៍ចោមចៅទី៣បានប្រាប់ថា ក្មេងស្រីខាងលើនោះឈ្មោះណាង ស្រីនី អាយុ១៥ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិជំនាប់ ឃុំសង្កែសាទម ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ចំណែកបុរសអ្នករត់ម៉ូតូឌុបនោះឈ្មោះ រស់ សុផាត អាយុ៥៨ឆ្នាំ ស្នាក់នៅក្នុងវត្តពោធិ៍ចិនតុង និង មានស្រុកកំណើតនៅភូមិដកពរ ឃុំបឹងត្រាញ់ ស្រុកសំរោង ខេត្តតាកែវ រងរបួសក្បាលធ្ងន់ធ្ងរ។
ក្មេងស្រីរូបនោះបាននិយាយថា ដោយសារតែជីវភាពទីទ័លក្រនាងបានចាកចេញពីស្រុកកំណើតទៅកាន់ខេត្តឧត្តរមានជ័យស្នាក់អាស្រ័យផ្ទះមិត្តភក្ដិធ្វើជាកម្មករសុីឈ្នួលដាំឡូងនិងបេះផ្លែស្វាយឲ្យគេ ប៉ុន្តែបានត្រឹមរយៈពេល១ខែប៉ុណ្ណោះក៏អស់ការងារធ្វើ នាងក៏សម្រេចចិត្តចាកចេញពីខេត្តឧត្តរមានជ័យមករកការងារធ្វើនៅឯរាជធានីភ្នំពេញវិញ។នាងបានដើររកតាមកន្លែងនានាគេសុទ្ធតែអត់ទតួលយកឡើយព្រោះតែនាងមិនទាន់គ្រប់អាយុ ហើយបើចូលបានទាល់តែមានអ្នកជួយធានា នាងអស់សង្ឃឹមនិងបានទៅសុំយាយជីស្នាក់នៅបណ្ដោះអាសន្នក្នុងវត្តពោធិ៍ចិនតុងសិន។រហូតដល់វេលាល្ងាចថ្ងៃទី៣១ ខែឧសភា នាងបានជួបបុរសឈ្មោះរស់ សុផាត ហើយពេលបានឃើញនាងជាមនុស្សគ្មានទីពឹងមកពីចម្ងាយម្នាក់ឯងបែបនេះ បុរសនោះបាននិយាយលួងលោមសុំនាងរួមរ័ក ដោយប្រាប់ថាចាំគាត់ ឲ្យលុយ២០ដុល្លារ។ ប៉ុន្តែនាងអត់ព្រមឡើយព្រោះនាងពុំមែនជាស្រីលក់ខ្លួនទេ លុះដល់វេលាម៉ោង១២យប់ថ្ងៃដដែលខណៈនាងកំពុងតែដេកស្រាប់តែបុរសនេះទៅស្ទាប ធ្វើឲ្យនាងភ័យនិងអត់បានដេកពេញ១យប់ថែមទៀត ។
ក្មេងស្រីខាងលើបានបន្តថា រហូតមកដល់ព្រឹកថ្ងៃកើតហេតុថ្ងៃទី០១ ខែមិថុនា បុរសនេះបានប្រាប់នាងថាចាំគាត់ជួយធានាឲ្យបានចូលធ្វើការ ក្រោយមកបានជិះម៉ូតូឌុបនាងទៅរកកន្លែងធ្វើការ និងពឹងឲ្យនាងជួយម៉ាស្សាឲ្យគាត់ ចាំគាត់ឲ្យលុយ២០ដុល្លារ។ ពេលនោះដោយសារតែត្រូវការរកការងារធ្វើហើយបុរសនេះជួយធានាឲ្យទៀតនោះ នាងក៏យល់ព្រមទៅជាមួយ ហើយបុរសនោះបានឌុបនាងចូលទៅក្នុងផ្ទះសំណាក់«រស្មីជម្ពូវ័ន» តែម្ដង។លុះពេលចូលទៅដល់ក្នុងផ្ទះសំណាក់ហើយបុរសនេះបានចូលទៅងូតទឹក ចេញមកវិញស្លៀកកន្សែងនិងឲ្យនាងចូលទៅងូតទឹកម្ដង ក្រោយមកគាត់បានឲ្យនាងជួយម៉ាស្សាឲ្យ ហើយខណៈនាងកំពុងតែម៉ាស្សាឲ្យ ស្រាប់តែបុរសនេះចាប់រំលោភនាងរហូតបានសម្រេចជាលើកទី១ ។ហើយមួយសន្ទុះក្រោយមកខណៈដែលបុរសខាងលើចូលទៅក្នុងបន្ទប់ទឹកនាងបានរៀបចំឥវាន់ដើម្បីចាកចេញពីបន្ទប់ ស្រាប់តែបុរសនោះស្ទុះចេញពីក្នុងបន្ទប់ទឹកចាប់នាងរំលោភម្ដងទៀតបានសម្រេចជាលើកទី២ទៀត ហើយពេលនោះនាងបានខំរើបម្រាស់និងស្រែកឲ្យគេជួយអស់ពីសមត្ថភាពប៉ុន្តែអត់មាននរណាឮឡើយ។ នាងមិនអាចរើរួចពីកណ្ដាប់ដៃបុរសនោះទេ ហើយបន្តិចក្រោយមក បុរសនេះបានចាប់នាងរំលោភជាលើកទី៣ទៀត ប៉ុន្តែនាងបានអង្វរគាត់និងប្រាប់ឲ្យគាត់ដេកផ្កាប់មុខនាងម៉ាស្សាឲ្យសិនចាំរួមរ័កគ្នាទៀតគាត់ក៏ព្រមតាមទើបនាងមានឱកាសយកកាំបិតពីក្នុងកាបូបកាប់ទៅលើគាត់តែម្ដង បើមិនដូច្នេះទេពុំដឹងថាត្រូវគាត់រំលោភប៉ុន្មានដងទៀតឡើយ។
ក្រោយពេលកើតហេតុនគរបាល ប៉ុស្តិ៍ចោមចៅទី៣បានចុះទៅកន្លែងកើតហេតុឃាត់ខ្លួនក្មេងស្រីខាងលើនាំទៅកាន់ប៉ុស្តិ៍ដើម្បីសាកសួរ និងកសាងសំណុំរឿងចំណែកបុរសនោះរបួសធ្ងន់និងត្រូវបានរថយន្តសង្រ្គោះអង្គភាព៧១១ដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗដែរ៕