ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ៣និង៣០នាទី ទៀបភ្លឺ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្លូវបេតុង ភូមិព្រៃសខាងកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
នគរបាលប៉ុស្ត៍ព្រៃសបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ផន ភក្តី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបឹងសាឡាង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
វត្ថុតាងដកហូតបានរួមមាន ម៉ូតូម៉ាក SL ពណ៌ទឹកប្រាក់បិទស្កុតត្រួយចេក ស៊េរី ១៩៩៧ ពាក់ស្លាកលេខ នគរបាល 1.8801 ជារបស់ជនរងគ្រោះឈ្មោះ ឡុច លីណា ភេទប្រុស អាយុ៣២ឆ្នាំ ជានគរបាលប៉ុស្តិ៍ទំនប់ទឹក ។
មុនពេលកើតហេតុ មានជនរងគ្រោះជាមន្ត្រីនគរបាល ប៉ុស្តិ៍ទំនប់ទឹក បានយកម៉ូតូយកមកឲ្យជាងជួសជុល ដោយផ្ញើរទុកនឹងជាងសិន ហើយជាងក៏បានតុកមុខផ្ទះ នៅចំណុចផ្លូវលេខ២៧១ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។ លុះដល់ម៉ោងកើតហេតុ ស្រាប់តែមានជនសង្ស័យបានធ្វើសកម្មភាព លួចម៉ូតូជិះរត់គេចខ្លួន រហូតដល់ម៉ោង៣និង៣០នាទីទៀបភ្លឺ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រៃស ដឹកនាំដោយលោក ស៊ំសារី នាយនគរបាលប៉ុស្តិ៍ព្រៃស ក្រោមការចង្អុលបង្ហាញពីលោកវរសេនីយ៍ជឹម សុីថា អធិការដ្ឋានខណ្ឌដង្កោបានបញ្ជារនគរបាលឲ្យចុះល្បាតពួនស្ទាក់ បទល្មើសក្នុងមូលដ្ឋាន និងមានការសហការជាមួយនគរបាលខណ្ឌចំការមន ក៏បានឃើញជនសង្ស័យខាងលើ ដោយមានការសង្ស័យ សមត្ថកិច្ចក៏ឃាត់ខ្លួនមកសាកសួររួមទាំងម៉ូតូទើបដឹងថា ជាម៉ូតូ ជនរងគ្រោះមានឈ្មោះឡុច លីណា ជាមន្ត្រីនគរបាលប៉ុស្តិ៍ទំនប់ទឹក ខណ្ឌបឹងកេងកង ទើបសមត្ថកិច្ចប៉ុស្តិ៍ព្រៃសរ កសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យខាងលើ ទៅឲ្យនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការបន្តតាមនិតិវិធីផ្លូវច្បាប់៕