ព្រះវិហារៈ ស្ពានស្ទឹងស្តៅដែលស្ថិតក្នុងភូមិសុច ឃុំស្តៅ ស្រុកសង្គមថ្មីខេត្តព្រះវិហារ ដែលរងការឆាបឆេះដោយសារភ្លើងឆេះព្រៃកាលពីរដូវប្រាំង នាពេលកន្លងនេះ ត្រូវបានកសាងជិតរួចរាល់ជាស្ថាពរ ហើយនឹងបើកឲ្យប្រជាពលរដ្ឋឆ្លងកាត់ក្នុងពេលឆាប់ៗខាងមុខនេះ។
នារសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ លោក គោ ស៊ុប៊ុនសឿត អភិបាលស្តីទីខេត្តព្រះវិហារ អមដំណើរដោយលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ រួមជាមួយលោកអភិបាលស្រុកសង្គមថ្មី លោក បេន ដេវីស ជនជាតិអាមេរិកកាំង ដែលកំពុងអភិរ័ក្សសត្វព្រៃតំបន់ភ្នំពក ភ្នំត្នោត និងមន្ត្រីមួយចំនួនទៀត បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនះភាពនៃការសាងសង់ស្ពានឆ្លងកាត់ស្ទឹងស្តៅដែលជិតហើយរួចរាល់នេះ។
លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ, លោក គោ ស៊ុប៊ុនសឿត អភិបាលស្ដីទីបានអបអរសារទរចំពោះសមិទ្ធិផលថ្មីមួយនេះ ដែលនឹងបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ ក្នុងពេលឆាប់ៗនេះ។ លោកអភិបាលខេត្តស្តីទី បានអរគុណចំពោះលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងមន្ត្រីក្រោមឱវាទ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ដែលបានខិតខំប្រឹងប្រែងកសាងស្ពាននេះឡើងវិញ ជំនួសឲ្យស្ពានឈើចាស់ទ្រុឌទ្រោមដែលបានឆេះកន្លងមក។
លោក សំ លាងទ្រី ប្រធានមន្ទីបានថ្លែងឲ្យដឹងថា ស្ពានស្ទឹងស្តៅនេះ ត្រូវបានកសាងឡើងវិញដោយដែកបេឡេ និងក្រាលឈើ មានប្រវែង៤៨ម៉ែត្រ និងទទឹង៤.២ម៉ែត្រ។ ស្ពាននេះបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ៣ភូមិគឺ ភូមិសុច ភូមិត្រពាំងធ្លក និងភូមិតាបោះក្នុងឃុំស្តៅ ហួសទៅតំបន់អភិរក្ស័សត្វព្រៃភ្នំត្នោតភ្នំពកផងដែរ។
លោកប្រធានមន្ទីរ បានគូសបញ្ជាក់ថា ស្ពានដែកបេឡេថ្មីឆ្លងស្ទឹងស្តៅនេះ គឺមានការជួយឧបត្ថម្ភដែកស្ពានបេឡេពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឧបត្ថម្ភឈើក្រាលស្ពានដោយលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឧបត្ថម្ភសរសរដែកស្ពានដោយទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយខេត្ត និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្ត ហើយអនុវត្តការងារសាងសង់ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មិនមានថវិការបស់សប្បុរសជនណាផ្សេងនោះទេ ហើយស្ពាននេះ នឹងត្រូវសាងសង់រួចរាល់ជាស្ថាពរក្នុងពេលឆាប់ៗខាងមុខនេះ ឲ្យប្រជាពលរដ្ឋបានឆ្លងកាត់ និងត្រៀមសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផងដែរ៕