ស្ទឹងត្រែងៈរថយន្តសាំយ៉ុងដឹកជញ្ជូនឃ្យូងបង្កប់ឈើល្មើសច្បាប់មួយគ្រឿងត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបើកប្រតិបត្តិការចុះបង្ក្រាប ដោយប្រដេញស្ទាក់ចាប់បានរថយន្តសាំងយ៉ុងមួយគ្រឿង ក្រោមសេចក្តីរាយការណ៍ថា រថយន្តនោះមានផ្ទុកទៅដោយផល-អនុផលព្រៃឈើ នៅក្នុងនោះ។
ប្រតិបត្តិការបង្ក្រាបរថយន្តដឹកឈើមួយគ្រឿងនោះ បានធ្វើឡើងនៅថ្ងៃទី៣០ ឧសភាឆ្នាំ២០២០ នៅលើដងផ្លូវជាតិលេខ៧ ត្រង់ចំណុចគីឡូម៉ែត្រលេខ១១ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានអោយដឹងថាការប្រដេញស្ទាក់ចាប់រថយន្តសាំងយ៉ុង១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2M-8729 បានដឹកឃ្យូងបង្កប់ឈើ ចេញពីភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ នាំឆ្ពោះចូលមកដីក្រុងស្ទឹងត្រែង និងក្នុងគោលដៅនាំឆ្ពោះទៅកាន់ខេត្តក្រចេះ។
លោកថាកម្លាំងនគរបាលបានប្រដេញតាម ចាប់ពីគល់ស្ពានមេគង្គស្ទឹងត្រែង នៅលើកំណាត់ផ្លូវជាតិលេខ៩ ទើបស្ទាក់ចាប់បាននៅលើដងផ្លូវជាតិលេខ៧ ដែលការប្រដេញនោះ មា នចម្ងាយជាច្រើនគីឡូម៉ែត្រ ទើបស្ទាក់ចាប់បានរថយន្តដឹកឃ្យូងបង្កប់ឈើល្មើសច្បាប់ នោះបានតែម្តងរួចបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងកសាងសំណុំរឿងបញ្ជូនទៅកាន់រដ្ឋបាលព្រៃឈើចាត់ការបន្ត។ចំណែកឯឈើដែលផ្ទុកនៅក្នុងរថយន្តនោះគេនៅមិនទាន់ដឹងថាមានប៉ុន្មានម៉ែត្រគូបនៅឡើយទេ។