កំពង់ចាម ៖ កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អមដំណើរ ដោយ ឯកឧត្តម រដ្ឋលេខាធិការ ឯកឧត្ដម ជាអគ្គនាយក និងឯកឧត្ដម ជាទីប្រឹក្សាក្រសួងព័ត៌មាន បាន អញ្ជើញគោរពវិញាណក្ខន្ធសព ឧបាសក សុខ សារឿន ត្រូវជាស្វាមី របស់លោកស្រី សម ផល្លា ប្រធានមន្ទីរព័ត៌មាន ខេត្តកំពង់ចាម ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ និងប្រតិភូអមដំណើរ បានចូលរួមសម្ដែងនូវសមានទុក្ខយ៉ាងគ្រៀមក្រំ ជាមួយគ្រួសារសព និងអញ្ជើញអុចធូប បួងសួងសូមឲ្យឌួងវិញាណក្ខន្ធសព ឧបាសក សុខ សារឿន បានសោយសុខទៅកាន់ដ្ឋានបរមសុខ កុំបីភ្លាំងភ្លាត់ឡើយ ។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងប្រតិភូអមដំណើរ ក៏បាននាំយកថវិកា ១លានរៀល ចូលរួមក្នុងពិធីរៀបចំបុណ្យសព ខាងលើ ផងដែរ ។សូមបញ្ជាក់ថា បច្ចុប្បន្ន សពរបស់ឧបាសក សុខ សារឿន ត្រូវបានក្រុមគ្រួសារ សាច់ញ្ញាតិ តម្កល់ទុកនៅគេហដ្ឋាន នៅគេហដ្ឋានសព ស្ថិតនៅក្នុងភូមិជង្ហុក ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ជាមួយនោះ ក្រុមគ្រួសារ ក៏បានមូលមតិគ្នា ដង្ហែរទៅបូជា នៅបរិវេណ វត្តនគរបាជ័យក្រៅ ស្ថិតនៅឃុំអំពិល ស្រុកកំពង់សៀម វេលាម៉ោង ៧.០០នាទី នាព្រឹកថ្ងៃទី៣០ ខែកក្កដា នេះ ហើយគ្រោងប្រារព្ធធ្វើបុណ្យទក្ខិណានុប្បទាន គម្រប់ខួប ៧ថ្ងៃ និង ១០០ថ្ងៃ ទៅតាមកិច្ចសាសនា ដើម្បី ឧទ្ទិសកុសលផលបុណ្យ ដល់ឌួងវិញ្ញាណក្ខ័ន្ធ របស់ឧបាសក សុខ សារឿន នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ ខាងមុខ។