ខេត្តពោធិ៍សាត់ ៖ គ្រោះថ្នាក់ចរាចរណ៍នៅលើកំណាត់ផ្លូវកៅស៊ូ រវាងអ្នកជិះម៉ូតូឆ្លងកាត់ផ្លូវ និងធ្វើដំណើរផ្លូវត្រូវ បណ្ដាលឲ្យស្លាប់ម្នាក់ភ្លាមៗនៅនឹងកន្លែង ចំណែកភាគីម្ខាងគេចខ្លួន ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមនុស្សស្លាប់នេះ បានកើតឡើងនៅវេលាម៉ោង២ និង៣០នាទី រសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវកៅស៊ូលេខ១៥៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៦.៧ ស្ថិតនៅភូមិអូរថ្កូវ សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានជុំវិញកន្លែងកើតហេតុ មុនដំបូងគេឃើញបុរសម្នាក់ជិះម៉ូតូ ១គ្រឿងម៉ាក វីវ៉ា ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1A 1705 មិនពាក់ម៉ួកសុវត្ថិភាពឆ្លងផ្លូវពីលិចទៅកើត ស្រាបគ្នានោះក៍មានម៉ូតូ ១គ្រឿងកំពុងធ្វើដំណើរក្នុងល្បឿនលឿន មកពីទិសខាងជើងឆ្ពោះទៅទិសខាងត្បូង បុកពេញទំហឹងបណ្ដាលឲ្យស្លាប់ ១នាក់ភ្លាមៗ និងរបួសស្រាល ១នាក់(គេចខ្លួនបាត់) ។
ប្រភពដដែលបន្តទៀតថា ជនរងគ្រោះ(ស្លាប់)ឈ្មោះ ឆាយ ផានិត ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.សង្កាត់កើតហេតុ បានធ្វើដំណើរដោយម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០២០ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1K 9031 បច្ចុប្បន្ន វត្ថុតាងម៉ូតូទាំង ២គ្រឿងរក្សាទុកជាបណ្ដោះអាសន្ន នៅផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ចំណែកសពធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ ដើម្បីនាំយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕