ភ្នំពេញ៖ បុរសម្នាក់ដែលសង្ស័យថាជាជនអនាថាបានដេកស្លាប់ដោយមិនដឹងមូលហេតុ ហើយត្រូវបានគេប្រទះឃើញកាលពីវេលាម៉ោង២និង១០នាទីរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងខ្ទមក្នុងដីឡូត៌មួយកន្លែងដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បុរសនោះមិនត្រូវបានគេស្គាល់ឈ្មោះនោះឡើយ មានអាយុប្រហែល៣០ឆ្នាំ និងសង្ស័យថាគឺជាជនអនាថា ហើយដែលកនលងមកតែងបានយកខ្ទមខាងលើធ្វើជាទីជម្រកស្នាក់អាស្រ័យរាល់ថ្ងៃថែមទៀតផង។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលស្លាប់គេតែងបនឃើញបុរសរូបនេះស្នាក់នៅក្នុងខ្ទមនោះ ហើយក៏ធ្លប់បានឃើញគាត់ដើរនៅតំបន់នោះញឹកញាប់ដែរ ប៉ុន្តែប៉ុន្មានថ្ងៃនេះមិនដែលឃើញគាត់ចេញដើរឡើយ ។លុះដល់វេលាកើតហេតុក៏ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់នៅក្នុងខ្ទមដោយមិនដឹងមូលហេតុ ទើបបង្កឲ្យមានការភ្ញាក់ផ្អើល ។
ប្រភពដដែលបានបន្តថា ពេលនោះក៏បានរាយការណ៍ជូនអាជ្ញាធរនិងនគរបាលប៉ុស្តិ៍ចោមចៅទី១ឲ្យជួយទៅពិនិត្យមើល និងរាយការណ៍បន្តទៅកាន់នគរបាលបច្ចេកទេសវិទ្យាសាស្រ្តនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះទៅពិនិត្យកោសល្យវិច័យ៕