(ខេត្តស្វាយរៀង)៖ ក្រុមការងារការិយាល័យនគរបាល បង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ បានបន្តបើកវគ្គហ្វឹកហាត់ពីរបៀបបង្ការ និងពន្លត់អគ្គិភ័យ ក្រោមអធិបតីភាពលោក ប្រាក់ ជុត ស្នងការរងទទួលផែន តំណាងលោកឧត្តមសេនីទោស្នងការ ដោយមានការចូលរួមពីលោក លឹម សៀងហេង អភិបាលក្រុងបាវិត និងលោក សួស សារិ នាយការិយាល័យ នាយរងបង្ការ និងពន្លត់អគ្គិភ័យ លោកអធិការរងលោកនាយ នាយរងប៉ុស្ដិ៍ និងមន្រី នៃអធិការដ្ឋានក្រុងបាវិត លោកចៅ ក្រុមហ៊ុនសន្តិសុខឯកជនរបស់តំបន់សេដ្ឋកិច្ចពិសេស និងកាស៊ីណូ ព្រមទាំងក្រុមអគ្គិភ័យស្ម័គ្រចិត្តសរុបវត្តមានចូលរួមចំនួន២៥៣នាក់ ស្រី០៣នាក់។

លោក សួស សារិន បានឲ្យដឹងថា ការបើកវគ្គហ្វឹកហាត់ជំនាញបច្ចេកទេសអគ្គិភ័យ និងសង្គ្រោះ ដល់កម្លាំងជំនាញ និងក្រុមប្រជាការពារស្ម័គ្រចិត្ត គឺរួមគ្នាបង្ការទប់ស្កាត់ កុំឲ្យមានកម្ទេចភ្លើងក្លាយ ជាអគ្គិភ័យ ដែលនាំឲ្យមហន្តរាយដល់អាយុជីវិតទ្រព្យសម្បត្តិ និងបរិស្ថាន។

លោកបានបន្តថា ការបើកវគ្គផ្សព្វផ្សាយនេះ ធ្វើឡើងតាមផែនការយុទ្ធសាស្ត្រ របស់អគ្គស្នងការនគរបាលជាតិ និងមានការណែនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាល ខេត្តស្វាយរៀង មាន២ចំណុចដែលសំខាន់ គឺបង្ហាត់បង្រៀនអគ្គិភ័យកាតព្វកិច្ច និងអគ្គិភ័យស្ម័គ្រចិត្ត ដែលយកចេញពីប្រជាការពារ ក្នុងខេត្តស្វាយរៀង ដោយក្នុងមួយភូមិ៥នាក់ យកជាក្រុមអគ្គិភ័យស្ម័គ្រចិត្តតែម្តង ដើម្បីហ្វឹកហ្វឺនបង្ហាត់បង្រៀន ដល់ក្រុមអគ្គិភ័យស្ម័គ្រចិត្តនៅទូទាំងខេត្ត៕