( ត្បូងឃ្មុំ ):
ប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ពិសេសក្នុងស្រុកក្រូចឆ្មារ នឹងទទួលបានសេវាសុខាភិបាលកម្រិតស្តង់ដារខ្ពស់ក្រោយមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ មានតម្លៃប្រមាណរហូតដល់ ១,៤ លានដុល្លារ បំពាក់ដោយបរិក្ខារទំនើបៗ ត្រូវបានសាងសង់រួចជាស្ថាពរ នាអំឡុងពេលប្រមាណ១៨ខែទៀត ។
មន្ទីរពេទ្យនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន តាមរយៈឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តត្បូងឃ្មុំ ។


ឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ថ្លែងឲ្យដឹងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីបញ្ចុះបឋមសិលានិងក្រុងពាលី បើកការដ្ឋានសាងសង់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ស្ថិតក្នុងឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ នាព្រឹកថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២០ នេះ ដោយមានការចូលរួមពីតំណាងក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ អាជ្ញាធរខេត្ត-ស្រុក ប្រធាន-អនុប្រធានមន្ទីរ និងមន្ត្រីសុខាភិបាលខេត្តត្បូងឃ្មុំ រួមទាំងលោកគ្រូអ្នកគ្រូពេទ្យជាច្រើនរូប ។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត ធា គ្រុយ ក៍បានអំពាវនាវដល់ពលរដ្ឋទាំងអស់ ក្នុងគ្រាដែលពិភពលោក កំពុងរងនូវការរីករាលដាលជំងឺរាតត្បាតកូវីដ-១៩ ត្រូវរក្សាគម្លាតសង្គម ក្នុងសហគមន៍ បើមិនមានការចាំបាច់សូមកុំជួបជុំ ត្រូវរក្សាអនាម័យជាប់ជានិច្ច ដោយលាងដៃជាមួយសាប៊ូឬអាល់កុល ពិសេសត្រូវតាមដានជាប់ជាប្រចាំនូវសេចក្តីជូនដំណឹងនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល និងអាជ្ញាធរខេត្តបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺ covid-19 នៅកម្ពុជា ។


បើតាមលោកវេជ្ជៈបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារបង្កើតឡើងតាំងពីឆ្នាំ ១៩៦៦ មកម្ល៉េះ ដោយឡែកមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារដ៍ធំនិងទំនើបថ្មីនេះ មានកម្ពស់ ៤ ជាន់ ទំហំ ៤១៣.៧៩៦ ម៉ែត្រក្រឡា សាងសង់លើផ្ទៃដីទំហំ ១៣២.២៩០ ម៉ែត្រក្រឡា តាមគម្រោងនឹងសាងសង់រួចជាស្ថាពរក្នុងរយៈពេល ១៨ ខែ ដោយចំណាយទឹកប្រាក់អស់ប្រមាណ១,៤លានដុល្លារអាមេរិក ។ មន្ទីរពេទ្យនេះនឹងមានធនធានគ្រូពេទ្យជំនាញៗ មានបរិក្ខារទំនើបៗ ដូចជាម៉ាស៊ីន Ct Scan, ម៉ាស៊ីនX-Ray ឌីជីថល, ម៉ាស៊ីនអេកូសាស្ត្រជាដើម...-ល- ដែលថវិការចំណាយលើការសាងសង់អគារ និងបំពាក់បរិក្ខារទំនើបៗនេះ ជាអំណោយដ៍ថ្លៃថ្លាពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ។

លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ក៍បានបង្ហាញឲ្យដឹងថា បន្ទាប់ពីមន្ទីរពេទ្យនេះសាងសង់រួច ដាក់អោយដំណើរការពិនិត្យព្យាបាលជំងឺជាផ្លូវការ ពិតជាបំពេញបាននូវសេវាសុខាភិបាលដ៍មានប្រសិទ្ធភាព ប្រកបដោយបច្ចេកវិទ្យាទំនើប ជូនពលរដ្ឋក្នុងស្រុកក្រូចឆ្មារ ទូទាំងខេត្តត្បូងឃ្មុំ ក៍ដូចជាសម្រាប់ខេត្តដែលនៅក្បែរនេះផងដែរ ៕