ខេត្តរតនគិរី
រដ្ឋបាលខេត្តរតនគិរីបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៥ របស់ក្រុមប្រឹក្សាខេត្ត ក្រោមវត្តមានឯកឧត្តម ណាប់ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត ជាប្រធានអង្គប្រជុំ និងឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាល អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល នាយក នាយករងទីចាត់ការ អង្គភាពចំណុះរចនាសម្ព័ន្ធរដ្ឋបាលខេត្តជាច្រើនរូបទៀត។កិច្ចប្រជុំនេះធ្វើឡើងនៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០មានរបៀបវារៈសំខាន់ៗជាអាទិ៍៖ ពិនិត្យ ពិភាក្សា និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សាខេត្ត។ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តប្រចាំខែសីហា និងលើកទិសដៅបន្តសម្រាប់ខែកញ្ញា ឆ្នាំ២០២០។
ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត បានលើកឡើងពីបញ្ហាប្រឈមការរីករាលដាលនៃជម្ងឺកូវីដ-១៩ ដែលបានជះឥទ្ធិពលដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ,បញ្ហាវិស័យអប់រំដែលកំពុងចាប់ផ្តើមដំណើរការឡើងវិញ, បញ្ហាការការពារសន្តិសុខសណ្តាប់ធ្នាប់សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌដែលនឹងមកដល់នាពេលដ៏ខ្លីខាងមុខ និងបញ្ហាផ្សេងៗទៀតពាក់ព័ន្ធការផ្តល់សេវាសាធារណៈ។ឯកឧត្តមបានសំណូមពរឲ្យអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ បន្ដពង្រឹងគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ខិតខំបម្រើសេវាសាធារណៈ ពិនិត្យ និងដោះស្រាយរាល់បញ្ហាវិវាទនៅមូលដ្ឋានជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។
ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់គណអភិបាលខេត្ត មន្ទីរអង្គភាពនានាជុំវិញខេត្ត ដែលបានខិតខំប្រឹងប្រែងបំពេញការងារយ៉ាងយកចិត្តទុកដាក់ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋានបានទាន់ពេលវេលា ចូលរួមធ្វើឲ្យខេត្តមានការរីកចម្រើនជាបន្ដបន្ទាប់ និងសូមឲ្យមន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់ចូលរួមខិតខំប្រឹងប្រែងជាបន្តទៀតដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរថែមទៀត៕