កំពង់ឆ្នាំង៖
បន្ទាប់ពីមានការជម្រុញនិងលើកទឹកចិត្តដល់ប្រជាកសិករនៅតាមសហគមន៍ ឱ្យមានការចិញ្ចឹមត្រីសាច់ មាន់ ទា និងដាំបន្លែបង្ការផ្សេងៗដើម្បីសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ  ពីប្រមុខរាជរដ្ឋាភិបាលមក ប្រជា កសិករនៅក្នុងខេត្តកំពង់ឆ្នាំង ជាពិសេស នៅតាមគេហដ្ឋាន និងដីស្រែចំការរបស់ពួកគាត់ ដែលមានសក្តានុពល ផ្នែកដំណាំកសិកម្ម និងការចិញ្ចឹមសត្វ បន្ទាប់ពីបង្កបង្កើនផលស្រូវវស្សារួចមក។បងស្រីឈ្មោះជា គឹមសួ ជាកសិករ រស់នៅក្នុងភូមិជារៅ ឃុំរលារប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលជាកសិករគំរូ ប្រចាំភូមិ ក្នុងការចិញ្ចឹមមាន់ នៅថ្ងៃទី៥ ខែ សីហា ឆ្នាំ២០២០ នេះ បានអោយដឹងថា  ចំពោះវិស័យកសិកម្ម គ្រួសារគាត់បានចាប់យកមុខរបរចិញ្ចឹមមាន់  គឺដំបូងឡើយគាត់បានចាប់ផ្ដើមចិញ្ចឹមមាន់ស្រែនេះ ដោយទិញកូនមាន់ពីគេចំនួនតែ៧០ក្បាលតែប៉ុណ្ណោះ ដើម្បីយកមកចិញ្ចឹមសាកល្បង។

ក្រោយពេលទទួលបានជោគជ័យជាបណ្ដើរៗ និងបានដាក់ថែមទាំងបានការបណ្ដុះបណ្ដាលផ្នែកបច្ចេកទេស ពីមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង រួមនឹងអង្គការជាដៃគូមួយចំនួនទៀត ដែលបានជួយជ្រុំជ្រែង បណ្ដុះបណ្ដាលដល់គ្រួសារគាត់ជាបន្ថែមរួចមក គាត់ក៏បានពង្រីកនៃការចិញ្ចឹមមាន់ស្រែនេះជាបន្ថែមទៀត។បងស្រីបានឲ្យដឹងទៀតថា សព្វថ្ងៃនេះគឺគាត់ចិញ្ចឹមមេនិងបាមាន់ ដើម្បីបង្កាត់ពូជយកកូនលក់ ដោយមិនមានលក់មាន់សាច់នោះទេ មាន់របស់គាត់ទាំងមេទាំងបាសរុបមានជាង ៤០០ក្បាល ក្នុងមួយខែគាត់អាចភ្ញាស់កូនមាន់បានរហូតទៅដល់១៧០០កូន នៅពេលដែលធ្វើវ៉ាក់សាំងរួច រាល់ គាត់អាចលក់ចេញក្នុងមួយក្បាលពី៤០០០ ទៅ ៥០០០រៀល មានរយៈពេល ដោយចាប់ពីថ្ងៃដែលកូន មាន់ញាស់ រហូតដល់កូនមាន់មានអាយុ២១ថ្ងៃ។ ដោយឡែករបៀបបង្កាត់ពូជមាន់ គឺគាត់មិនបានអោយមាន់ឈ្មោលវាជាន់មេបែបធម្មជាតិនោះទេ គឺគាត់មានវិធីសាស្រ្តក្នុងការបង្កាត់ ដោយបូមយកទឹកកាមរបស់មាន់ឈ្មោល ទៅចាក់បញ្ចូលមាន់ញី វិធីបែបវិទ្យាសាស្ត្រនេះគឺទទួលបានផលល្អប្រសើផងដែរ។
                 
បងស្រីក៏បានឲ្យដឹងទៀតថា អ្វីដែលជាការជម្រុញ និងលើកទឹកចិត្តដល់គ្រួសារគាត់ ក្នុងការ ពង្រីកនៃការចិញ្ចឹមមាន់បន្ថែមទៀតខាងលើនេះ គឺបានទទួលការណែនាំ ដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ដែលសម្ដេចតែងតែបានលើកទឹកចិត្តដល់ប្រជាកសិ ករនៅគ្រប់ទីកន្លែង អោយយកចិត្តទុកដាក់ក្នុងការបង្ក បង្កើនផលស្រូវ និងដាំបន្លែបង្ការផ្សេងៗក្នុងរដូវវស្សាដែលចូលមកដល់នេះ  ជាពិសេស សម្ដេចក៏បានលើកទឹកចិត្តឲ្យកសិករទាំងអស់ នាំគ្នាចិញ្ចឹមត្រី ជ្រូក មាន់ទាផងដែរ ដើម្បីផ្គត់ផ្គង់ក្នុងគ្រួសារផង ក៏ដូចជាដើម្បីផ្គត់ផ្គង់ទៅតាមតម្រូវការទីផ្សារក្នុងស្រុក ស្របពេលប្រទេសជាតិ កំពុងជួបវិបត្តិជំងឺសកលកូវីដ-១៩នេះ ផងដែរ ។បងស្រីក៏បានអំពាវនាវដល់បងប្អូនប្រជាកសិករដែលចង់ចេះអំពីវិធីសាស្ត្រនៃការចិញ្ចឹមមាន់ស្រែ  និងវិធីនៃការភ្ញាស់កូនមាន់ ក៏ដូច ជាការធ្វើវ៉ាក់សាំងដល់កូនមាន់ឱ្យមានសុខភាពល្អ តាំងពីចាប់ផ្ដើមញាស់ដល់អាយុ១៤ថ្ងៃ រហូតដល់២១ថ្ងៃ ដែលល្មមចាប់លក់ឬចាប់យកទៅចិញ្ចឹមដោយមិនខ្លាចឆ្លងនូវជំងឺដង្កាត់ផ្សេងៗ និងវិធីថែទាំ  ក៏ដូចជាការឱ្យចំណីមាន់បែបធម្មជាតិ ដែលធ្វើឲ្យមាន់មានការធំធាត់បានយ៉ាងឆាប់រហ័សនិងមិនមានជំងឺដង្កាត់មកយាយីផងដែរ។

បងស្រីក៏បានវញ្ជាក់ផងដែរថសដល់បងប្អូនប្រជាពលរដ្ឋ ដែលត្រូវការមាន់សាច់ប្រភេទមាន់ស្រែពិតៗដើម្បីយកទៅធ្វើម្ហូបក្នុងកម្មវិធីផ្សេងៗ សូមធ្វើការទំនាក់ ទំនងមកបងស្រីដោយផ្ទាល់ បងស្រីនិងណែនាំដោយជូនទៅដល់ផ្ទះកសិករចិញ្ចឹមមាន់សាច់ នៅក្នុងភូមិរបស់បងស្រី ដែលពួកគាត់បានជាវយកកូនមាន់ពីបងស្រី យកទៅចិញ្ចឹមយកសាច់បន្ត ដែលបច្ចុប្បន្ននេះមាន់ទាំងនោះគឺល្មមចាប់លក់បានហើយ ដែលមានទំងន់ពី ១.៣ គីឡូ ក្រាម ទៅ ១.៥ គីឡូក្រាម ក្នុងមួយក្បាល ដោយលក់តម្លៃ ១៧០០០រៀល ក្នុងមួយគីឡូក្រាម ៕