ស្វាយរៀង ៖ នៅថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២០ សមកិច្ចជំនាញនៃការិយាល័យបទល្មើសគ្រឿងញៀន  កងរាជអាវុធហត្ថខេត្តស្វាយរៀង  បានបញ្ជូនជនសង្ស័យចំនួន  ០៣នាក់  ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុក  ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ យោងតាមសមត្ថកិច្ចកងរាជអាវុធហត្ថបានអោយដឹងថា៖នៅវេលាម៉ោង ១៦:៤០នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០  ក្រោមបញ្ជាផ្ទាល់លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត  បានបញ្ជាឱ្យកម្លាំងមន្ទីយុត្តិធម៌  សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត  ដឹកនាំដោយលោកវរសេនីយ៍ទោ យ័ន្ត សេង នាយរងសេនាធិការទទួលការងារយុត្តិធម៌ កងរាជអាវុធហត្ថខេត្ត ​​បានចុះបង្រ្កាបករណី រក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបន្ទប់ជួលលេខ ៧ ស្ថិតនៅ ភូមិព្រៃផ្ដៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។ ប្រភពបានបន្តទៀតថា៖ការចុះបង្ក្រាបខាងលើនេះសមត្ថកិខ្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់÷ ១.ឈ្មោះ ខាន់ ប៊ុនថង ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងអ៊ុតស្គុតម៉ូតូ ទីលំនៅបច្ចុប្បន្ន ភូមិតាប៉ោង ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ២.ឈ្មោះ គឹម សុខស៊ីណាក់ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ហ្គាស ទីលំនៅបច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួល ភូមិព្រៃផ្ដៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ ៣.ឈ្មោះ ទ្រី វាសនា ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ហ្គាស ទីលំនៅបច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលភូមិព្រៃផ្ដៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។



ក្នុងនោះសមត្ថកិច្ចយើងក៏ដកហូតបាននូវវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន ០២ កញ្ចប់
ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០១ គ្រឿង ទូរសព្ទដៃចំនួន ០២ គ្រឿង ម៉ូតូចំនួន ០១ គ្រឿង ប្រាក់រៀលចំនួន ៥០,០០០រៀល សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជាការដ្ឋានកងរាជអាវុធខេត្តស្វាយរៀងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀងដើម្បីចាត់ការតាមនីតិវិធីច្បាប់៕