ស្ទឹងត្រែងៈ នៅសាលប្រជុំមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងកាលពីព្រឹកថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០២០ នេះ ក្រសួងកិច្ចការនារីបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី បទដ្ឋានអប្បរមាសំរាប់ការផ្ដល់ប្រឹក្សាជាមូលដ្ឋានដល់ស្ត្រី និងក្មេងស្រីរងគ្រោះដោយអំពើហឹង្សាទាក់ទងនិងយេនឌ័រ ជូនដល់ក្រុមការងារពហុវិស័យឆ្លើយតបអំពើហឹង្សាទាក់ទងនិងការងារយេនឌ័រមកពីមន្ទីរអង្គភាពជុំវិញខេត្ត។

វគ្គបណ្តុះបណ្តាលនេះមានរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី០៣ ខែសីហា ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោកជំទាវ  មាន សុចិត្រា អគ្គនាយកនៃអគ្គនាយកដ្ឋាន អភិវឌ្ឍន៍សង្គមនៃក្រសួងកិច្ចការនារី លោកជំទាវ គុត់ ប៊ុនមី ប្រធាន គ ក ស ក ខេត្ត និងលោកស្រី កែវ សាវឿន អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង។

សមាជិកក្រុមប្រឹក្សានិងជាប្រធានគ.ក.ស.ក ខេត្តស្ទឹងត្រែងលោកជំទាវ គុត ប៊ុនមី បានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូក្រសួងកិច្ចការនារីដែលបានមករៀបចំវគ្គបណ្តុះបណ្តាល បទដ្ឋានអប្បរមាសម្រាប់ការផ្ដល់ប្រឹក្សាជាមូលដ្ឋានដល់ស្ត្រី និងក្មេងស្រីរងគ្រោះដោយអំពើហឹង្សាទាក់ទងនិងយេនឌ័រ នាពេលនេះ ដែលមានគោលបំណងពង្រឹងនិងបង្ហាញអំពីរបៀបនៃការឆ្លើយតបជួយជនរងគ្រោះដោយអំពោះហឹង្សា ទាក់ទងនិងយេនឌ័៏រឲ្យកាន់ប្រសិទ្ធភាពនិងទាន់ពេលវេលា។

លោកជំទាវមានប្រសាសន៍បន្តថា ទោះបីកន្លងមកក្រុមការងារពហុវិស័យ គ ក ស កខេត្តជួបនូវបញ្ហាប្រឈម និងទុក្ខលំបាកខ្លះ ប៉ុន្តែក្រុមការងារបានបំពេញនូវតួនាទីភារកិច្ច ដោយបានជួយជនរងគ្រោះ ពិសេសស្ត្រីនិងកុមារដែលបានជួបបញ្ហាក្នុងមូលដ្ឋានបានជាបន្តបន្ទាប់គួជាទីកត់សម្គាល់ ។ លោកជំទាវគូសបញ្ជាក់ថាក្រោយបញ្ជប់វគ្គបណ្តាលខាងលើនេះ នឹងធ្វើឲ្យក្រុមការងារកាន់តែអាចស្វែងយល់អំពីអ្វីដែលជាការងារតួនាទីនិងអ្វីដែលជាកិច្ចការដែលយើងត្រូវខិតខំធ្វើទាំងអស់គ្នា ព្រមទាំងអាចយកចំណេះដឹងនាពេលនេះទៅផ្សព្វផ្សាយបន្តនៅតាមមូលដ្ឋានឲ្យគាត់បានយល់ដឹងបន្ថែម។

 លោកជំទាវ  មាន សុចិត្រា អគ្គនាយកនៃអគ្គនាយកដ្ឋាន អភិវឌ្ឍន៍សង្គមនៃក្រសួងកិច្ចការនារី បានលើកឡើងថា ពាក់ព័ន្ធនិងអំពើរហឹង្សានេះ បើតាមការស្រាវជ្រាវរបស់អង្គការUNWOMEN បង្ហាញថា ស្រ្តី១ក្នុងចំណោម៣នាក់គឺបានរងគ្រោះដោយអំពើហឹង្សា ដោយឡែកនៅកម្ពុជាមានស្ត្រី១នាក់ក្នុងចំណោម៥នាក់បានរងគ្រោះដោយអំពើហឹង្សា។ ដូចនេះហើយបានក្នុងពិភពលោកនិងកម្ពុជាបានយកចិត្តទុកដាក់នៅក្នុងការលុបបំបាត់អំពើហឹង្សា។

ឡុង កាន់សំនៀង