ខេត្តស្វាយរៀង ៖ស្ត្រីចំណាស់ម្នាក់ស្លាប់ និង៣នាក់ទៀតរងរបួសធ្ងន់ត្រូវក្រុមគ្រួសារ ដឹកមកសង្គ្រោះទៅកាន់មន្ទីពេទ្យ បន្ទាប់ពីក្មេងស្រី២នាក់បានយករូឡូភ្លើងមកសាកថ្មទូរស័ព្ទហើយខ្សែភ្លើងនោះមានដាច់លៀនចេញសសៃស្រាតលេងទូរសព្ធ័បណ្ដើរសាកថ្មបណ្ដើរបណ្ដាលអោយឆ្លងចរន្តភ្លើងឆក់ស្ត្រីណាស់និងអ្នកចូលជួយឆក់បន្តបន្ទាប់គ្នាបង្កការភ្ញាក់ផ្អើលដល់អ្នកជិតជាងពេញភូមិតែម្ដងទៅ។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៥និង១៥ នាទីល្ងាចថ្ងៃទី១០ខែសីហាឆ្នាំ២០២០នេះដែលស្ថិតក្នុងភូមិ មេលោង សង្កាត់ ចេក ក្រុង ស្វាយរៀង ខេត្តស្វាយរៀង។ បើយោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀង បានឲ្យដឹងថា៖ស្ត្រីចំណាស់ដែលឆក់ស្លាប់នោះមានឈ្មោះ យស់ ទូច អាយុ ៦៥ឆ្នាំ មុខរបរកសិកររស់ក្នុងភូមិសង្កាត់ខាងលើ។ ប្រភពបានបន្តទៀតថា៖ស្ត្រីចំណាស់ ដែលរងរបួសត្រូវជាម្ចាស់ផ្ទះមានឈ្មោះ ចាន់ សេរី អាយុ៦៦ ឆ្នាំមុខរបរកសិករ ចំណែកក្មេងស្រីដែលរងរបួស២នាក់នោះ ទី១.មានឈ្មោះ អ៊ាម សុម៉ាឡែន អាយុ១៥ ឆ្នាំ មុខរបរសិស្ស និងទី២.ឈ្មោះ ទ្រី សុវណ្ណបុប្ផារ អាយុ៩ឆ្នាំ មុខរបរសិស្ស រស់ក្នុងភូមិសង្កាត់ខាងលើជាមួយគ្នា។
បើតាមអ្នកភូមិបានឲ្យដឹងថា៖មុនកើតហេតុក្មេងស្រីទាំង២នាក់បានលេងទូរសព្ទ័ ហើយក៏បានអូសយករូឡូខ្សែភ្លើង ដែលមានដាច់លៀនចេញសសៃរស្រាតនោះហើយមិនបានចាប់អារម្មណ៏យកមកដាក់សាកថ្មជិតខ្លួន ខណៈកំពុងលេងស្រាប់តែឆ្លងចរន្តភ្លើងបណ្ដាលឲ្យឆក់ឃើញបែបនេះស្របពេលនោះលោកយាយឃើញក៏រត់ចូលជួយ បណ្ដាលឲ្យឆក់បន្តបន្ទាប់គ្នាបង្កការភ្ញាក់ផ្អើលដល់បងប្អូនក្រុមគ្រួសារ និងអ្នកភូមិប្រញាប់រត់បិទបារ៉ែតភ្លើង និងជួយសង្គ្រោះលើកដាក់កប់ភក់ និងដឹកមកកាន់មន្ទីពេទ្យប៉ុន្តែអកុសលដោយស្ត្រីឈ្មោះ យស់ ទូចមានសភាពធ្ងន់ក៏បានស្លាប់ និង៣នាក់ត្រូវបានសង្គ្រោះទាន់ពេលផងដែរ។
ក្រោយកើតហេតុសមត្ថកិច្ចនគរបាលក្រុងសហការជាមួយប៉ុស្តិ៍រដ្ឋបាល និងគ្រូពេទ្យមណ្ឌលសុខភាពចេក បានមកដល់និងពិនិត្យកន្លែងកើតហេតុឃើញថា សពពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងពិតប្រាកដមែន និងប្រគល់ឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី។ហើយសមត្ថកិច្ចសូមធ្វើការអំពាវនាវពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នអោយខ្ពស់ជាពិសេសកុំសាកថ្មបណ្តើរលេងបណ្តើរព្រោះមានគ្រោះថ្នាក់ខ្លាំងណាស់៕