គ្មាននរណាចង់ឲ្យមានរឿងនេះឡើយ! លោក ខូវ ឆាយ និងកីឡាករ ខែក ខេមរិន្ទ ទៅសួរសុខទុក្ខអ្នកចាំទី គង់ រ៉ាហ្វាត់ ដល់គេហដ្ឋាន

លោក ខូវ ឆាយ អគ្គលេខាធិការសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ Tiffy ARMY FC និងប្រធានក្រុមកីឡាករ ខែក ខេមរិន្ទ បានចុះទៅដល់គេហដ្ឋានរបស់កីឡាករ គង់ រ៉ាហ្វាត់ អ្នកចាំទីរបស់ក្លិបគីរីវង្សសុខសែនជ័យ។ ការសួរសុខទុក្ខធ្វើឡើងក្រោយពេលអ្នកចាំទីវ័យក្មេងរបស់ក្រុមគីរីវង្សរូបនេះបានរងរបួសធ្ងន់សន្លប់បាត់ស្មារតីបន្ទាប់ពីត្រូវចំមួយកែងពេញទំហឹងរបស់កីឡាករ ខែក ខេមរិន្ទ។ យ៉ាងណាមិញ វាគឺជាកំហុសអចេតនាដែលជារឿយៗតែងកើតមានក្នុងការលេងកីឡា។ យ៉ាងណាមិញ ស្ថានភាពរបួសរបស់កីឡាករ គង់ រ៉ាហ្វាត់ បានធូរស្បើយវិញច្រើនក្រោយសម្រាកព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនៅខេត្តតាកែវ ហើយសាមីខ្លួនបានត្រឡប់មកដល់គេហដ្ឋានដោយប្រក្រតីធម្មតាវិញហើយ។ ខែក ខេមរិន្ទ ក៏បានសុំអភ័យទោសចំពោះសិស្សប្អូនផងដែរ ពីព្រោះវាជាឧប្បត្តិហេតុដែលនឹកស្មានមិនដល់ឡើយ។

សូមបញ្ជាក់ថា ក្នុងជំនួបរវាងម្ចាស់ផ្ទះគីរីវង្សសុខសែនជ័យ និងសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ Tiffy ARMY FC កាលពីថ្ងៃសៅរ៍សប្តាហ៍មុន មានឧប្បត្តិហេតុមួយកើតឡើងដោយពេលនោះក្រុមទ័ពបានលើកបាល់ជ្រុងចូលមកក្នុង ហើយអ្នកចាំទី គង់ រ៉ាហ្វាត់ បានចេញមកទះបាល់ដែលលើកចូលមក ប៉ុន្តែកីឡាករ ខែម ខេមរិន្ទ របស់ទ័ពបានរត់ទៅមុខដើម្បីរកឱកាសតែតបញ្ចូលទី ដោយអចេតនាក៏ជ្រុលកែងដៃទៅបុកចំមុខអ្នកចាំទី គង់ រ៉ាហ្វាត់ មួយទំហឹងធ្វើឲ្យយុវជនរូបនោះដូលសន្លប់បាត់ស្មារតី ប៉ុន្តែត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះបឋមភ្លាមៗ និងដឹកតាមរថយន្តសង្គ្រោះបន្ទាន់មកកាន់មន្ទីរពេទ្យដើម្បីព្យាបាលជាបន្ទាន់។