ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចចុះស្រាវជ្រាវ និងពិនិត្យសពគ្រូពេទ្យម្នាក់ បន្ទាប់ក្រោកពីដំណេកគេឃើញស្លាប់នៅដណ្ដប់ភួយ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងសមត្ថកិច្ច ។ 



 ហេតុការណ៍សមត្ថកិច្ចចស្រាវជ្រាវ និងពិនិត្យសពខាងលើ ធ្វើឡើងនាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅភូមិក្រាំងធំ ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។



 សមត្ថកិច្ចនគរបាលស្រុកក្រគរប្រាប់ថា ជនរងគ្រោះ(ស្លាប់)ឈ្មោះ ហេង វាសនា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូពេទ្យមធ្យម មន្ទីរពេទ្យបង្អែកស្រុកក្រគរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ។



 នគរបាលស្រុកដដែលបន្តទៀតថា តាមការរៀបរាប់ប្អូនស្រីសព(ហេង ពេជម៉ារ៉ា)ល្ងាចមុនកើតហេតុបានហូបបាយជុំគ្នា បន្ទាប់មកខ្លួនបានចូលដេកក្នុងបន្ទប់ ចំណែកបងប្រុស(សព)បានដេកនៅលើគ្រែដូចសព្វមួយដង លនៅវេលាព្រឹកឡើងឮសម្លេងគេហៅបងប្រុស ប៉ុន្តែពុំឮសម្លេងបងប្រុសឆ្លើយតបគេទេ ទើបខ្លួនបើកទ្វារបន្ទប់ចេញមកចាប់ជើងអង្រន់ តែអត់កម្រើកហើយត្រជាក់ស្រេប ក៍ទាញភួយឃើញបងប្រុសស្លាប់ឡើងរឹងទៅហើយ ។



 នគរបាលបញ្ជាក់បន្ថែមទៀតថា ក្រោយធ្វើការស្រាវជ្រាវ និងពិនិត្យយ៉ាងយកចិត្តទុកដាក់រួចរាល់ សពពិតជាអាចស្លាប់ដោយជំងឺគាំងបេះដូងពិតប្រាកដ មិនជាប់ពាក់ព័ន្ធករណីផ្សេងៗនោះឡើយ សពធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ 



ដោយៈ បុឹម ពិន