ភ្នំពេញ៖មានហេតុការណ៍ចោរប្លន់ម៉ូតូបានសម្រេច២ករណីនៅក្នុងខណ្ឌកំបូលនិងខណ្ឌដង្កោដែលបង្កឡើងដោយចោរ២ក្រុមផ្សេងគ្នា ហើយក្រោយពេលប្លន់បានសម្រេចក្រុមចោរបានយកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់ដោយសុវត្ថិភាពទាំង២ករណី។ករណីទី១, បានកើតឡើងកាលពីវេលាម៉ោង៥និង២០នាទីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ នៅតាមផ្លូវចូលវត្តអង្គត្រគៀត ស្ថិតនៅក្នុងភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ខណៈពេលដែលបុរសម្នាក់ជិះម៉ូតូត្រឡប់មកពីជួបប្រពន្ធទៅកាន់កន្លែងធ្វើការត្រូវបានចោរ១ក្រុមជិះម៉ូតូដេញតាមចាក់និងធាក់ផ្ដួលបណ្ដាលឲ្យដួលរងរបួសយ៉ាងដំណំរួចប្លន់យកម៉ូតូជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។
ជនរងគ្រោះឈ្មោះរ៉ុង សំអុល ភេទប្រុស៤១ឆ្នាំមុខរបរ មន្រ្ដីរាជការ ស្នាក់នៅម្ដុំវិមានឯករាជ្យ ក្នុងរាជធានីភ្នំពេញ និង មានស្រុកកំណើតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរខេត្តកំពង់ចាម ហើយម៉ូតូដែលត្រូវចោរប្លន់យកទៅបាត់នោះម៉ាកហុងដាឌ្រីមសេ១២៥ស៊េរី ២០១៩ពណ៌ខ្មៅមិនចាំស្លាកលេខ។ចំណែកក្រុមចោរប្លន់មានគ្នាច្រើននាក់ប្រហែល៣ទៅ៤នាក់ ហើយពុំដឹងថាមានកាំភ្លើងឬអត់នោះទេប៉ុន្តែមានកាំបិតផងដែរ។បុរសរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុគាត់បានជិះម៉ូតូត្រឡប់មកពីជួបប្រពន្ធនៅភូមិមួយស្ថិតនៅក្នុងខណ្ឌកំបូលនោះដែរដើម្បីទៅកាន់កន្លែងធ្វើការនៅម្ដុំវិមានឯករាជ្យវិញ លុះពេលជិះទៅដល់ត្រង់ចំណុចកើតហេតុក៏ស្រាប់តែមានចោរ១ក្រុមជិះម៉ូតូដេញតាមពីក្រោយ ។ហើយពេលទៅដល់ទន្ទឹមក្រុមចោរក៏បានធាក់ផ្ដួលបណ្ដាលឲ្យគាត់ដួលម៉ូតូរងរបួស បន្ទាប់មកចោរបានលើកយកម៉ូតូរបស់គាត់ជិះគេចខ្លួនបាត់ស្រមោលតែម្ដង។
ដោយឡែកករណីទី២,បានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី២៨ ខែសីហា ដដែលនោះនៅតាមផ្លូវ៣០ម៉ែត្រ ស្ថិតនៅក្នុងភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ក្រុមចោរប្លន់មានគ្នាប្រហែល៨នាក់ជិះម៉ូតូ៤គ្រឿងដេញតាមចាក់បុសនិងស្រ្តីជាប្ដីប្រពន្ធ១គូទៀតប្លន់យកម៉ូតូ១គ្រឿងបានសម្រេច ខណៈដែលពួកគាត់ជិះម៉ូតូចេញពីផ្ទះទៅរកទិញអីវាន់នៅផ្សារដើមគរ។ជនរងគ្រោះទាំង២នាក់ប្ដីប្រពន្ធនោះប្រពន្ធឈ្មោះ សុខចាន់ ធឿន អាយុ៤៦ឆ្នាំ មានទីលំនៅបុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ចំណែក បុរសជាប្ដីអត់ស្គាល់ឈ្មោះឡើយ ។ហើយម៉ូតូរបស់ពួកគាត់ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ៣៤២៣។ក្រោយពេលកើតហេតុនគរបាលមូលដ្ឋានបានចុះទៅអន្តរាគមន៍សាកសួរព័ត៌មានពីជនរងគ្រោះនិងធ្វើការពួនស្ទាក់ដែរប៉ុន្តែពុំបានប្រទះឃើញក្រុមចោរនោះឡើយ ៕