ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សុខ សូកាន អនុប្រធានគណ:កម្មការទី៩ នៃរដ្ឋសភា ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណ:កម្មការទី៩ នៃរដ្ឋសភា លោក លោកស្រីអគ្គនាយករងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង នាយក នាយករងរដ្ឋបាលសាលាខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។
លោកជំទាវ ងិន សាផុន ប្រធានគណ:កម្មការទី៩ បានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំងបាននឹងកំពុងខិត្តខំអភិវឌ្ឍខេត្ត ដែលបច្ចុប្បន្ននេះឃើញថាមានការរីកចំរើនគួរឲ្យកត់សម្គាល់ ។
ព្រមគ្នានោះ លោកជំទាវ ក៏បានលើកឡើងពីគោលបំណងសំខាន់ៗការចុះបំពេញបេសកកម្មតបស់គណ:កម្មការទី៩ នៃរដ្ឋសភា មានដូចជា:
១.ស្វែងយល់ពីវឌ្ឍនភាព និងផែនការទិសដៅការងារបន្តក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភា របស់រដ្ឋបាលខេត្ត។
២. ស្វែងយល់ពីសភាពការណ៍ទូទៅរបស់រដ្ឋបាលខេត្ត បញ្ហាប្រឈម មូលនិធិសមធម៌ និងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងកូវី១៩នេះ។
៣. ស្វែងយល់ពីការអនុវត្តច្បាប់ យុទ្ធសាស្ត្រ កម្មវិធីនយោបាយ ដើម្បីលើកស្ទួយឋាន: និងតួនាទីស្ត្រីក្នុងសង្គម និងស្វែងយល់ពីការអនុវត្តគោលនយោបាយលើកកម្ពស់សមភាពយេនឌ័រ និងផ្ដល់ភាពអង់អាចដល់ស្ត្រីចូលរួមក្នុងវិស័យនយោបាយ។
៤. ស្វែងយល់ពីប្រសិទ្ធភាពនៃការប្រតិបត្តិច្បាប់នានា បញ្ហាប្រឈម ទិសដៅការងារ និងសំណូមពររបស់មន្ទីរជំនាញនីមួយៗដែលពាក់ព័ន្ធនឹងសមត្ថកិច្ចទទួលខុសត្រូវរបស់គណ:កម្មការទី៩នៃរដ្ឋសភា។
ក្នុងឪកាសនោះដែរ ឯកឧត្តមអម សុភា បានរាយការណ៍ជូនដោយសង្ខេបអំពីស្ថានភាពទូទៅ និងលទ្ធផលការងារមួយចំនួនរបស់ខេត្តកំពង់ឆ្នាំង ដែលសម្រេចបាននាពេលកន្លងមកជូនលោកជំទាវប្រធាន និងប្រតិភូគណ:កម្មការ៕
ដោយសុក្ខារិន