ដូចបានគ្រោងទុក ការប្រកួតពានរង្វាន់សម្តេចតេជោថ្នាក់ជាតិលើកទី១៤ បានចាប់ផ្តើមទៅតាមកាលវិភាគដែលបានកំណត់ដោយកាលពីថ្ងៃពុធម្សិលមិញនេះមានការប្រកួតសរុបទាំងអស់៥គូ។ ក្នុងនោះគូទី១ ដែលជាគូបើកឆាកមុនគេរវាងក្រុមម្ចាស់ផ្ទះសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ Tiffy ARMY FC និងក្រុមចំណាត់ថ្នាក់លេខ៣ពានរង្វាន់សម្តេចតេជោថ្នាក់ខេត្តគឺក្រុមខេត្តកែប ដោយលទ្ធផលក្រុមទ័ពបានបំបាក់ក្រុមកែបយ៉ាងចាស់ដៃ 10-2 ហើយក្នុងចំណោម១០គ្រាប់របស់ក្រុមទ័ពក៏មានបាល់ពិន័យ១១ម៉ែត្រចំនួន២គ្រាប់ផងដែរ។


ហើយអ្វីដែលមិនគួរឲ្យជឿមួយទៀត គឺក្រុមម្ចាស់ជើងឯកពានរង្វាន់សម្តេចតេជោថ្នាក់ខេត្តថ្មីថ្មោងគឺក្រុមបាល់ទាត់ខេត្តព្រៃវែងដែលសម្បូរទៅដោយកីឡាករវ័យក្មេងល្អៗនោះបានទៅបំបាក់ក្រុមម្ចាស់ផ្ទះ Angkor Tiger ដល់កីឡដ្ឋាន SRU ផ្ទាល់តែម្តងដោយលទ្ធផលបច្ចេកទេស 2-3 អ្វីដែលមិនគួរឲ្យជឿគឺក្រុមខេត្តព្រៃវែងស៊ុតបញ្ចូលទីម្ចាស់ផ្ទះ Angkor Tiger មុនដល់ទៅ៣គ្រាប់ឯណោះក្នុងតង់ទី១ លុះចូលដល់តង់ទី២ទើបម្ចាស់ផ្ទះសងបាន២គ្រាប់មកវិញ។ ក្រៅពីគូជក់ចិត្ត២នេះ នៅមានលទ្ធផល៣គូផ្សេងទៀតដូចជា៖ គីរីវង្សសុខសែនជ័យ 0-0 នគរបាលជាតិ - ណាហ្គាវើលដ៏ 3-2 អគ្គីសនីកម្ពុជា - ភ្នំពេញក្រោន 4-0 អាស៊ីអឺរ៉ុបយូណាយធីត ហើយសម្រាប់ថ្ងៃព្រហស្បតិ៍នេះក៏មានការប្រកួតចំនួន៣គូទៀតដែរមានដូចជា៖ ព្រះខ័នរាជស្វាយរៀង Vs សូទីឡូអង្គរ - សៀមរាប Vs បឹងកេត៕