( ត្បូងឃ្មុំ ): ព្រឹកថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២០ ឯកឧត្តមវេជ្ជបណ្ឌិត ឈឹម ឃឹមដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ និងលោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ាននៃអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា (AHF) រួមនឹងសាហការី បានចុះជួបសំណេះសំណាល ចែកអំណោយជូនអ្នកកំពុងរស់នៅជាមួយមេរោគអេដស៍ចំនួន៧០គ្រួសារ ក្នុងខេត្តត្បូងឃ្មុំ ដើម្បីជួយផ្តល់ជាកម្លាំងចិត្ត និងរួមចំណែកជួយរំលែកការខ្វះខាតក្នុងរយៈពេល ដែលប្រទេសកម្ពុជា កំពុងជួបប្រទះនៅវិបត្តិជំងឺរាតត្បាតកូវីដ-១៩ ដែលធ្វើឡើងនៅមន្ទីរពេទ្យនរោត្តមសីហនុត្បូងឃ្មុំ ស្ថិតក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ ។

ឯកឧត្តមវេជ្ជបណ្ឌិត ឈឹម ឃឹមដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកឡើងថា ប្រសិនបើអ្នករកឃើញថាអ្នកផ្ទុកមេរោគអេដស៍ ហើយអាចនឹងឲ្យលេចឭ នោះ អ្នកនឹងត្រូវបានសង្គមរើសអើង ដើម្បីជាការដោះស្រាយជាមួយនឹងស្ថានការណ៍បែបនេះ តាមរយៈការអប់រំខ្លួនអ្នក និងអ្នកដទៃ គឺមិនត្រូវមានការរើសអើង ឬមាក់ងាយ អ្នកផ្ទុកមេរោគអេដស៍នោះឡើយ ។
ឯកឧត្តមបន្តទៀតថា វិធីដែលល្អបំផុតក្នុងការប្រឈមនឹងការរើសអើងអ្នកផ្ទុកមេរោគអេដស៍ គឺការគាំទ្រក្នុងការផ្លាស់ប្ដូរច្បាប់ ឬគោលការណ៍ដែលបង្ការប្រជាជនពីមេរោគអេដស៍ ដើម្បីទទួលបានការថែទាំ ទីលំនៅ និងធ្វើតាមអ្វីពួកគាត់ត្រូវការ។ ប្រសិនបើអ្នកមិនមានភាពស្រួលចិត្តក្នុងការរកជំនួយពី មិត្តភក្ដិ ឬក្រុមគ្រួសារនោះទេ សួមទាក់ទងមកកាន់ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា សម្រាប់ការពិគ្រោះពិភាក្សា។ ប៉ុន្តែបើអ្នកមាន ជំនួយដែលផ្ដល់កំលាំងចិត្តហើយ អ្នកអាចចូលរួមជាមួយ ការងារស្ម័គ្រចិត្តដើម្បីផ្ដល់ជាជំនួយកម្លាំងចិត្តដល់អ្នកដទៃដែលកំពុងរស់នៅជាមួយជំងឺអេដសន៍ ។

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ាន របស់អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា លើកឡើងដែរថា ប្រសិនបើអ្នកមានផ្ទុកមេរោគអេដស៍ សូមកុំទាន់អស់សង្ឃឹម អ្នកអាចរស់នៅបានយូរអង្វែងដូចមនុស្សទូទៅដែរ ដោយគ្រាន់តែថែរក្សាសុខភាពផ្លូវចិត្ត និងផ្លូវកាយរបស់អ្នកឲ្យបានរឹងមាំ តាមរយៈវេជ្ជបណ្ឌិតជំនាញ ក៏ដូចជាអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា ដើម្បីប្រាកដថាអ្នកស្ថិតនៅក្នុងបរិយាកាសដែលមានការគាំទ្រ ហើយអ្នកត្រៀមខ្លួនក្នុងការរៀបចំផែនការថែរក្សាសុខភាពរបស់អ្នក ឱ្យបានល្អរឹងមាំ និងទទួលការព្យាបាលតាមការកំណត់ឱ្យបានទៀងទាត់ ។

លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដសន៍ និងអង្គការមូលនិធិថែទាំងសុខភាពអ្នកជំងឺកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ ជួយផ្តល់ទាំងកម្លាំងចិត្ត និងសម្ភារៈចំពោះអ្នករស់នៅជាមួយជំងឺអេដសន៍ទាំងអស់នៅក្នុងខេត្តត្បូងឃ្មុំ ជាពិសេសអំពាវនាវដល់បងប្អូនទាំងអស់កុំបាក់ទឹកចិត្ត ត្រូវថែរក្សាសុខភាពខ្លួនឲ្យបានល្អ ថែរក្សាអនាម័យជាប់ជាប្រចាំ ស្តាប់ការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាលប្រយុទ្ធនឹងជំងឺកូវីដ-១៩ បង្ការទប់ស្កាត់កុំឲ្យមានការរីករាលដល់ឆ្លងបន្តចូលក្នុងសហគមន៍ នៅកម្ពុជា ។ 

ចំពោះអំណោយចែកជូននាពេលនោះរួមមាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ  សាប៊ូដុសខ្លួន និងម៉ាស់ផងដែរ ៕ 

សុខ ផន TV5 ត្បូងឃ្មុំ