( ត្បូងឃ្មុំ )
ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងបរិស្ថានបៃតង នៅព្រឹកថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២០ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំមន្ត្រីរាជការជុំវិញខេត្ត ព្រមទាំងយុវជន ស.ស.យ.ក រួមគ្នាដាំកូនឈើប្រណិតចំនួន ១.៣០០ ដើម ក្នុងតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីអបអរក្នុងឱកាសប្រារព្ធពិធីបុណ្យរុក្ខាទិវា ៩កក្កដា ឆ្នាំ ២០២០ ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ថ្លែងលើកឡើងថា រដ្ឋបាលខេត្តត្បូងឃ្មុំ ដែលមានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអ្នកផ្គត់ផ្គង់កូនឈើ ហើយបានរួមគ្នាជាមួយមន្ត្រីរាជការ និងក្រុមយុវជន នាំយកកូនឈើមកដាំនាពេលនេះ គឺជាចូលរួមចំណែកទប់ស្កាត់ការបម្រែបម្រួលអាកាសធាតុបានមួយផ្នែក គឺបណ្តាលមកពីកត្តាព្រៃឈើ នៃបរិស្ថានធម្មជាតិ ។ឯកឧត្តមបន្ថែមថា ព្រៃឈើបានផ្តល់នូវភាពបៃតង ភាពស្រស់បំព្រង និងជាមរតកដ៏មានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយ ព្រមទាំងបានផ្តល់ផល ប្រយោជន៍ដទៃទៀត សម្រាប់សកលលោក និងប្រទេសយើងទាំងមូល ។
ឯកឧត្តមបានអំពាវនាវដល់គ្រប់មជ្ឍដ្ឋានទាំងអស់ ចូលរួមថែរក្សាការពារព្រៃឈើ ទប់ស្កាត់ការកាប់រានដុត ឈូសឆាយដីព្រៃឈើ ដើម្បីហ៊ុមព័ទ្ធយកដី ធ្វើជាកសិកម្មដោយខុសច្បាប់ ព្រមទាំងជំរុញឲ្យពលរដ្ឋដាំដើមឈើឲ្យបានច្រើន ដើម្បីលើកកម្ពស់បរិស្ថាន និងសម្រាប់ជាគុណប្រយោជន៍ ដល់សង្គមជាតិយើងទាំងអស់គ្នា ។សូមបញ្ជាក់ផងដែរថា កូនឈើប្រណិតចំនួន ១.៣០០ ដើមនេះ រួមមាន ក្រញូង ៤០០ ដើម, ធ្នង់ ២០០ ដើម បេង ៣០០ ដើម ចន្ទគីរី ២០០ ដើម គីនីន ១៥០ ដើម និងក្ងោក ៥០ ដើម ត្រូវបានដាំលើផ្ទៃដីប្រមាណ ៣,៥ ហិចតា នៅតាមបណ្តោយមាត់ទន្លេសិប្បនិម្មិត និងតាមដងផ្លូវទីរួមខេត្ត ដើម្បីលម្អសោភ័ណភាព ផ្តល់ខ្យល់និងបរិយាកាសល្អ និងជាផ្នែកមួយនៃគម្របបៃតងផែនដី ៕