ភ្នំពេញ: ស្រ្តីម្នាក់បើករថយន្តម៉ាកPRADOពាក់ស្លាកលេខគ-ជ-ប មួយគ្រឿងជាលក្ខណៈគ្រួសារមានប្ដីនិងកូនបានបុកជាមួយម៉ូតូកុងបីឥណ្ឌាមួយគ្រឿងត្រង់ចំណុចស្តុបបែកជាបួនបណ្ដាលឲ្យម្ចាស់ម៉ូតូកង់បីនិងស្ត្រី២នាក់ទៀតជាភ្ញៀវរងរបួសស្រាល។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងប្រមាណជា១២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៧ ខែសីហាឆ្នាំ ២០២០ នៅត្រង់ចំណុចស្តុបពេទ្យចិន តាមបណ្តោយផ្លូវព្រះមុនីវង្ស កែងនឹងផ្លូវព្រះសីហនុ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌាពណ៌សមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 1HG-0345 បានដឹកស្ត្រី ២នាក់ជាភ្ញៀវ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះសីហនុ ទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តមួយគ្រឿងម៉ាកPRADO ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ គ-ជ-ប 01-2-0002បើកបរដោយស្ត្រីម្នាក់រួមដំណើរជាមួយប្តីនិងកូនធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ទិសដៅពីត្បូងទៅជើងចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកចំពាក់កណ្ដាលម៉ូតូកង់បីពេញទំហឹងបណ្ដាលឲ្យក្រឡាប់ផ្ងាជើងបណ្តាលឲ្យអ្នកបើកបរកង់បីនិងស្ត្រី២នាក់ជាភ្ញៀវរងរបួសស្រាល។ បន្ទាប់មកបងប្អូនជាពលរដ្ឋដែលឃើញហេតុការណ៍នេះនាំគ្នាលើកម៉ូតូកង់បីក្រឡាប់មកវិញនិងរងការខូចខាតយ៉ាងដំណំ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជិត១ម៉ោងនៅមិនត្រូវគ្នា ទើបសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូកង់បីទៅរក្សាទុកនៅអធិការនគរបាលខណ្ឌបឹងកេងកងរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕