ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០នេះ បន្ទាំប់ពីមេឃបង្អុរភ្លៀងជាច្រើនមេ ស្ទើររាល់ថ្ងៃ ធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុងក្រុងប៉ៃលិន មានការសប្បាយរីករាយយ៉ាងខ្លាំង ដោយសង្ឃឹមថា នឹងប្រមូលផលមើមដំឡូងមីបានច្រើន គឺទិន្នផលឡើងខ្ពស់ ព្រោះការដាំដុះនៅពាក់កណ្តាលឆ្នាំ២០២០នេះ គឺមានទឹកភ្លៀងគ្រប់គ្រាន់ មិនសូវខ្វះខាតដូចឆ្នាំមុនៗនោះទេ ។ តែក៏ មានកន្លែងខ្លះអត់សូវត្រូវទឹកភ្លៀងដែរ ។

  ជាក់ស្តែងមានប្រជាពលរដ្ឋ១គ្រួសារ បានដាំដំឡូងមីចំនួន៨ហិកតា នៅក្នុងភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន មិនមានការខូចខាតនោះទេ ខណ:ត្រូវទឹកភ្លៀងធ្លាក់ជោកជាំជារៀងរាល់ថ្ងៃ ។

  ប្រភពព័ត៌មានពីប្រជាពលរដ្ឋម្នាក់ ឈ្មោះ ឆៃ សំ ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិខាងលើ បានរៀបរាប់ឱ្យភ្នាក់ងារសារព័ត៌មានយើងដឹងថា គាត់បានដាំដំឡូងមីចំនួន៨ហិកតា ចាប់តាំងពីខែឧសភា ឆ្នាំ២០២០ ដោយបន្ទាប់ពីដាំបានរយ:ពេលត្រឹមតែ៤ទៅ៥ថ្ងៃប៉ុណ្ណោះ ស្រាប់តែដំណាំដំឡូ ងមីរបស់គាត់ ត្រូវទឹកភ្លៀងជារឿយៗ ឥតដាច់ បណ្តាលឱ្យដុះលូតលាស់យ៉ាងល្អ ពោលគឺបញ្ចេញពណ៌ខៀវខ្ចីក្នុងចម្ការតែម្តង ។ គាត់សង្ឃឹមថា នៅពេលប្រមូលផលឆ្នាំក្រោយ នឹងទទួលបាននូវទិន្នផលខ្ពស់ ។ ប្រភពបន្តទៀតថា ដោយឃើញដំណាំស្រស់ល្អ និងមិនងាប់ខូចខាតបែបនេះ ពិតជាធ្វើឱ្យគ្រួសាររបស់គាត់ និងអ្នកដទៃទៀត ដែលដាំដំដំឡូងមី និងពោតក្រហម ក្នុងចម្ការក្បែរៗគ្នា ខិតខំ ប្រឹងប្រែងដើរបោចស្មៅ និងជួលកម្មករឱ្យបាញ់ថ្នាំសម្លាប់ស្មៅបានយ៉ាងល្អផងដែរ ។

  គាត់បន្ថែមទៀតថា កាលពីឆ្នាំមុន ខ្សត់ទឹកភ្លៀងបន្តិច ដោយចម្ការរបស់គាត់ ត្រូវបានដាំជា ច្រើនលើកច្រើនសារ ទម្រាំតែដុះលូតលាស់រហូតបានប្រមូលផល ។ ប៉ុន្តែនៅឆ្នាំថ្មីនេះ ដាំតែម្តងគត់ មិនចំណាយដើមទុន និងពូជអស់ច្រើននោះទេ ។ បើសិនជាឆ្នាំក្រោយដំឡូងមីមានតម្លៃខ្ពស់ អាចឱ្យគាត់សល់ថវិកា សម្រាប់សងជំពាក់បំណុលគេរួចរាល់ តែបើសិនជាទីផ្សារធ្លាក់ថ្លៃ ទោះបីជាដំឡូងមីល្អប៉ុណ្ណា ក៏លំបាកក្នុងសល់ យកប្រាក់សម្រាប់សងជំពាក់គេ និងទុកសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារដែរ ។

  គាត់ក៏សំណូមពរឱ្យអាជ្ញាធរខេត្តប៉ៃលិន មេត្តាជួយរកទីផ្សារដំណាំពោតក្រហម និងដំឡូងមី ព្រមទាំងដំណាំកសិផលផ្សេងៗ ឱ្យឡើងថ្លៃផងដែរ ព្រោះពួកគាត់គ្មានមុខរបរអ្វីក្រៅពីធ្វើចម្ការដំ ណាំនោះឡើយ ។ លើសពីនេះ ពួកគាត់ក៏នៅតែមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីបញ្ហាជម្ងឺកូវីដ១៩ ដែលមិនទាន់ផុតរលត់នៅឡើយ ជាហេតុនាំឱ្យកសិផលធ្លាក់ថ្លៃផងដែរ ខណ:ប្រទេសជិតខាងគេផ្អាកការបញ្ជាទិញកសិផលរបស់ពួកគាត់ ៕





ដោយ ៖ នីយ៉ា