ខេត្តស្វាយរៀង៖ វេលាម៉ោង ២៣:៣០នាទីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ នៅរោងចក្រ (ម៉ាស្ទ័រ ប្លេកស្មិតមេថល) ផលិតគ្រឿងសង្ហារឹមក្នុងតំបន់សេដ្ឋកិច្ចពិសេសសានតុង ស្ថិតក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង មានករណីអគ្គិភ័យកើតឡើង បណ្ដាលអោយឆេះកន្លែងស្នាក់នៅរបស់កម្មករ(ជនជាតិចិន)ធ្វើអំពីដែកប្រក់ស័ង្កសីទំហំ ១០០x០៥ម៉ែត្រទាំងស្រុងសង្ស័យបណ្តាលមកពីឆ្លងចរន្តអគ្គីសនី។ បើតាមលោក វណ្ណ សុមុន្នី អភិបាលរងក្រុងបាវិត បានមានប្រសាសន៍អោយដឹងថា៖នៅវេលាកើតហេតុខាងលើមានករណីអគ្គិភ័យឆាបឆេះកន្លែងស្នាក់នៅរបស់កម្មករ(ជនជាតិចិន)នៅតំបន់សេដ្ឋកិច្ចពិសេសសានតុងបណ្ដាលអោយខូចខាតទាំងស្រុង និងសំភារៈប្រើប្រាស់មួយចំនួន ប៉ុន្តែពុំបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សទេ។
លោកបានបន្តទៀតថា៖នៅក្នុងហេតុការណ៍នោះសមត្ថកិច្ចយើងប្រើប្រាស់កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត រថយន្តពន្លត់អគ្គីភ័យ ០១ គ្រឿង សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត រថយន្តពន្លត់អគ្គីភ័យ ០១គ្រឿង កម្លាំងនគរបាលស្រុកស្វាយទាប រថយន្តពន្លត់អគ្គីភ័យ ០១គ្រឿង និងនគរបាលក្រុងបាវិត រថយន្តពន្លត់អគ្គីភ័យ ០១គ្រឿង ដែលដឹកនាំដោយ លោក វណ្ណ សុមុន្នី អភិបាលរងក្រុងបាវិត ចេញអន្តរាគមន៍ពន្លត់អគ្គីភ័យ ដោយប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន ០៤ គ្រឿង និងប្រើប្រាស់អស់ទឹកចំនួន ០៤រថយន្ដ (រថយន្តកងរាជអាវុធហត្ថ ០២គ្រឿង, រថយន្តនគរបាល ០២គ្រឿង )
លោក វណ្ណ សុមុន្នី អភិបាលរងក្រុងបាវិតបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់អោយមានការប្រុងប្រយ័ត្នខ្ពស់ចំពោះករណីអគ្គីភ័យដែលអាចងាយបង្កឡើងអោយប្រការណាមួយហើយសូមពលរដ្ឋមានការប្រយ័ត្នចំពោះ ខ្យល់កន្ត្រាក់ ផ្គររន្ទះ នារដូវវស្សានេះហើយក៏សូមបងប្អូនពលរដ្ឋចូលរួមរក្សាអនាម័យនិងតាមការណែនាំរបស់ក្រសួងសុខាភិបាល។ មូលហេតុ:បណ្តាលមកពីឆ្លងចរន្តអគ្គីសនី។