ខេត្តស្វាយរៀង៖ នារសៀលថ្ងៃអង្គារ ៧កើតខែ ភទ្របទ ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែសីហាឆ្នាំ២០២០នេះ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជេីញចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីបរិយាកាសគាំទ្រច្បាប់ គោលនយោបាយ នឹងភារកិច្ចក្នុងការគាំទ្រការឆ្លើយតបចំពោះមេរអញ្ជេីញ និងជំងឺអេដស៍ នៅថ្នាក់ក្រោមជាតិ ស្ថិតនៅសាលប្រជុំសណ្ឋាគារវៃគោ ខេត្តស្វាយរៀង ដែលមានចូលរួមពីសំណាក់លោក វឹង យ៉ាណាត ប្រធាននាយកដ្ឋានបង្ការ និងថែទាំគាំទ្រ ដល់អ្នកជំងឺអេដស៍ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ លោក លោកស្រីអភិបាលរងស្រុកក្រុងទាំងប្រាំបី លោកអធិការដ្ឋាននគរបាល លោកលោកស្រីប្រធានការិយាល័យសុខាភិបាល មន្ត្រីសុខាភិបាល លោកលោកស្រីតំណាងមន្ទីរអង្គភាពពាក់ព័ន្ធ នឹងអង្គការក្រៅរដ្ឋាភិបាល ដែលប្រតិបត្តិការក្នុងខេត្តស្វាយរៀង ។
ក្នុងនោះឯកឧត្តមអភិបាលរងខេត្តក៏បានធ្វើការសំណូមពរដល់បងប្អូនដែលបានចូលរួមវគ្គបណ្តុះបណ្តាលដែលនឹងក្លាយជាគ្រូបង្គោល មានដូចខាងក្រោម ៖
១.ត្រូវបញ្ជ្រៀតការអប់រំផ្សព្វផ្សាយបង្ការជំងឺអេដស៍ ច្បាប់អេដស៍ ពិសេសលើកទឹកចិត្តការប្រើប្រាស់ស្រោមអនាម័យ១០០ភាគរយ ក្នុងការបង្ការទាំងតាមសេវាកំសាន្ត និងក្នុងចំណោមប្រជាពលរដ្ឋទូទៅក្នុងការបង្ការជំងឺអេដស៍ ។
២.នៅមូលដ្ឋាន សូមជួយផ្តល់ប្រឹក្សាជំរុញដល់អ្នកប្រឈមនឹងការឆ្លងមេរោគអេដស៍ ពិសសេផ្តល់លទ្ធភាពក្នុងការស្វែងរកសេវាប្រឹក្សាធ្វើតេស្តឈាមរកមេរោគអេដស៍បានត្រឹមត្រូវដែលមាននៅគ្រប់មណ្ឌលសុខភាពទាំងអស់ទូទាំងខេត្ត ដើម្បីឆាប់ ទទួលបានសេវាព្យាបាលទាន់ពេលវេលា។
៣.សូមជួយផ្តល់ប្រឹក្សា និងលើកទឹកចិត្ត ដល់អ្នកជំងឺអេដស៍ដែលពុំទាន់បានទទួលសេវាព្យាបាលដោយ ឱសថប្រឆាំងមេរោគអេដស៍ មកទទួលយកសេវាទាន់ពេលវេលា និងពុំមានគិតថ្លៃ នៅសេវាព្យាបាលជំងឺអេដស៍ នៅមន្ទីរពេទ្យខេត្តស្វាយរៀង និងស្រុករមាសហែក។
៤.សូមបងប្អូនជួយចូលរួមផ្សព្វផ្សាយអប់រំកុំឱ្យមានការរើសរអើងអ្នកផ្ទុកមេរោគអេដស៍ និងគ្រួសារអ្នកផ្ទុកមេរោគអេដស៍នៅតាមសហគមន៍ រួមទាំងការរើសរអើងមិនផ្តល់ការងារឬបញ្ឈប់ការងារ ក្នុងវិស័យ ឯកជន ដើម្បីចូលរួមលុបបំបាត់អោយបានទាំងស្រុងនូវការរើសរអើងនិងមាក់ងាយទៅលើអ្នកផ្ទុកមេរោគអេដស៍និងអ្នកជំងឺអេដស៍តាមគ្រប់រូបភាពទាំងអស់។
៥.បន្តខិតខំផ្តល់សេវា អោយបានល្អ ទាំងសេវាធ្វើតេស្តឈាម និងសេវាផ្តល់ឱសថប្រឆាំងមេរោគអេដស៍តាមគោលការណ៍ណែនាំរបស់ថ្នាក់ជាតិ ដោយបន្តស្រាវជ្រាវ និងគ្រប់គ្រងករណីវិជ្ជមាន និងពង្រឹងការផ្តល់ប្រឹក្សាអ្នកជំងឺ មកតាមការណាត់របស់គ្រូពេទ្យ តាមដានការបាត់មុខ ដើម្បីការបន្ថយអត្រាលះបង់សេវា ។