ភ្នំពេញ ៖ កាលពីថ្ងៃព្រហស្បតិ៍ ៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០លោកជំទាវ បាន ស្រីមុំ អនុប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធមនុស្សម៌ និងទេសចរណ៍នៃរដ្ឋសភា បានអញ្ជើញចូលរួមប្រជុំរវាងគណៈកម្មការទី៧ និងក្រសួងទេសចរណ៍ ដែលមាន ឯកឧត្តម ហ៊ុន ម៉ានី ជាប្រធាន បានដឹកនាំកិច្ចប្រជុំជាមួយ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងសហការី រួមជាមួយវត្តមានរបស់ឯកឧត្តម សមាជិកគណៈកម្មការជំនាញនៃរដ្ឋសភា ។
ដោយផ្អែកលើស្ថានភាពការវិវត្តថ្មីៗ និងឥតឈប់ឈរនៃការរីករាលដាលជំងឺកូវីដ១៩ ដែលបាន និងកំពុងបន្តជះឥទ្ធិពលអវិជ្ជមានដល់វិស័យទេសចរណ៍ មិនថាការប្រឈមលើវិស័យទាំងមូល និងការលំបាកនានារបស់ប្រតិបត្តិករក្នុងឧស្សាហកម្មនេះ គណៈកម្មការទី៧ ក្នុងនាមជាសេនាធិការជូនរដ្ឋសភា ដែលទទួលបន្ទុកលើវិស័យទេសចរណ៍ផ្ទាល់ មានការយកចិត្តទុកដាក់ តាមដាន ពិនិត្យលើសកម្មភាពនានាដែលក្រសួងទេសចរណ៍បាន និងកំពុងអនុវត្ត ហើយឈានដល់ការជួបប្រជុំរវាងគណៈកម្មការទី៧ និងក្រសួងទេសចរណ៍ នាព្រឹកថ្ងៃនេះ ដើម្បីពិនិត្យ ពិភាក្សារួមគ្នាអំពីវិធានការជាដំណោះស្រាយចំពោះវិស័យទេសចរណ៍ក្នុងបរិបទកូវីដ១៩ និងក្រោយកូវីដ១៩ ព្រមទាំងការពិនិត្យលទ្ធភាពបង្កើនសកម្មភាពទេសចរណ៍ក្នុងប្រទេសកម្ពុជា ៕
ដោយ ៖ នីយ៉ា