ខេត្តពោធិ៍សាត់: ការបង្ក្រាបបទល្មើសនេសាទនៅក្នុងខេត្តពោធិ៍សាត់ត្រូវគេមើលឃើញថាបានធ្វើសកម្មភាពជាបន្តបន្ទាប់និងធ្វើការរុះរើនិងកាប់បំផ្លាញចោលនៅរបាំងស្បៃមុង របាំងសាច់អួននិងឧបករណ៍នេសាទថ្មី 100ក្នុងរដូវបិទនេសាទត្រីពងកូន ។
ថ្ងៃទី១៣ខែសីហាឆ្នាំ២០២០ ក្រុមការងារចំរុះគណបញ្ជាការឯកភាពស្រុកកណ្តៀងដែលដឹកនាំដោយលោក គីគឹមណូអភិបាលរងស្រុកនិងជាអនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកណ្តៀងដោយមានការចូលរួម អធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាបសង្កាត់រដ្ឋបាលជលផលកណ្តៀង អធិការដ្ឋាននគរបាលស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរាំងទិលតំបន់សឹករងខេត្តផ្នែកសឹករងស្រុក កងរាជអាវុធហត្ថស្រុក បរិស្ថាន បានចុុះប្រតិបត្តិការត្រួតពិនិត្យនិងបង្ក្រាបបទល្មើសជលផលនៅចំណុចព្រែករាំងទិលបន្តរហូតដល់ព្រែកកំពង់គុជដែលស្ថិតនៅភូមិរាំងទិលឃុំរាំងទិលស្រុកកណ្តៀងខេត្តពោធិសាត់ ។
នៅក្នុងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនៅក្នុងរដូវទឹកទន្លេឡើងនិងត្រីកំពុងពងកូននោះជាលទ្ធផលសមត្ថកិច្ចបង្ក្រាបបាន១ករណីនិងធ្វើការរុះរើបំផ្លាញចោលនៅវត្ថុតាងលបលូស្បៃមុងចំនួន ៤០មាត់និងរបាំស្បៃមុង២០ខ្សែប្រវែង ២២០០មែត្រនិងរុះរើបង្គោល ចំនួន ៨៥០ដើមចាក់លែងត្រីចំរុះទម្ងន់៣០គក្រ ។
នៅក្នុងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខាងលើនេះសមត្ថកិច្ចចម្រុះមិនបានឃាត់ខ្លួនក្រុមជនល្មើសណានោះឡើយខណៈដែលពួកគេបានដឹងខ្លួននិងគេចខ្លួនបាត់នៅពេលដែលសមត្ថកិច្ចទៅដល់ ។
ខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ធ្លាប់បានឲ្យដឹងកន្លងទៅថាការចុះធ្វើការបង្ក្រាបបទល្មើសនេសាទនៅតែបន្តធ្វើដូចភ្លៀងរលឹមដើម្បីធ្វើយ៉ាងណាឱ្យបទល្មើសនេសាទនៅក្នុងរដូវទឹកដំឡើងមានការថយចុះផងដែរ។
ហើយលោកក៏ធ្លាប់បានអំពាវនាវហើយអំពាវនាវទៀតដល់បងប្អូនប្រជាពលរដ្ឋសូមកុំធ្វើការនេសាទនៅក្នុងរដូវបិទនេសាទនិងជារដូវត្រីពងកូនហើយកុំធ្វើការនេសាទដល់ឧបករណ៍នេសាទដែលច្បាប់ស្ដីពីជលផលហាមឃាត់ផងដែរ ៕
ដោយសុក្ខារិន