( ត្បូងឃ្មុំ ):
នៅព្រឹកថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២០ នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្ត បានអញ្ជើញសំណេះសំណាល និងនាំយកអំណោយរបស់សាខាកាកបាទក្រហមខេត្ត ទៅចែកជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ព្រមទាំងប្រជាពលរដ្ឋ ជាជនងាយរងគ្រោះក្រីក្រលំបាក ស្ត្រីមេម៉ាយ ចាស់ជរា ជនពិការសរុបចំនួន ៥២ គ្រួសារ ក្នុងឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។
ឯកឧត្តមបានសម្តែងនូវការសោកស្តាយ និងបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរ សួរសុខទុក្ខ របស់សម្តេចកិត្តិ័ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅជូនបងប្អូន ដែលរងគ្រោះទាំងអស់ និងជនងាយរងគ្រោះ ដោយក្តីនឹករលឹក និងអាណិតអាសូរបំផុត ។ឯកឧត្តមបន្តថា ក្រោមការយកចិត្តទុកដាក់បំផុត ពីសំណាក់សម្តេចតេជោហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរពីសុខទុក្ខបងប្អូនគ្រប់ពេលវេលា ដោយមិនអោយនរណាម្នាក់ អត់អាហារ នៅរងារកំព្រាម្នាក់ឯងនោះឡើយ គឺទីណាមានទុក្ខលំបាក មានកាកបាទក្រហមកម្ពុជា គ្រប់ទីកន្លែង គ្រប់ពេលវេលា ដោយមិនរើសអើងពូជសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីនោះឡើយ ។
ឯកឧត្តមបន្ថែមថា «អំណោយចែកជូនបងប្អូនពេលនេះ គឺដើម្បីជួយសម្រួលនូវតំរូវការចាំបាច់របស់បងប្អូន និងសូមអោយបងប្អូនរៀចចំផ្ទះសម្បែងឡើងវិញ ខិតខំប្រកបរបរចិញ្ចឹមជីវិត បង្ករបង្កើនផលដាំដំណាំផ្សេងៗ ដើម្បីធ្វើអោយកម្រិតជីវភាព បានប្រសើរឡើងវិញ ។ ចំពោះអំណោយដែលចែកជូននាពេលនោះ រួមមានគ្រឿងឧបភោគបរិភោគ និងថវិការមួយចំនួន ៕