ស្ទឹងត្រែងៈ ដើម្បីពង្រឹងប្រសិទ្ធិភាពក្នុងការអនុវត្តការងារនិងគ្រប់គ្រងរដ្ឋបាលខេត្ត ក្រុង ស្រុក នៅថ្ងៃទី ៥ ខែ សីហា ឆ្នាំ ២០២០នេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំវគ្គបណ្តុះបណ្តាលមួយស្តីពី កិច្ចការរដ្ឋបាល និងការរៀបចំរបាយការណ៏រដ្ឋបាលខេត្ត ក្រុង ស្រុក ជូនដល់មន្ត្រីផ្នែករដ្ឋបាលមកពីក្រុងស្រុក
ក្រោមអធិបតីភាពឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងនិងមានការចូលរួមពីលោក នាយករងរដ្ឋបាលខេត្ត លោក លោកស្រី ដែលជានាយក នាយករងរដ្ឋបាលក្រុង ស្រុក និងប្រធាន អនុប្រធានការិយាល័យរដ្ឋបាលមន្ទីរវិស័យពាក់ព័ន្ធជុំវិញខេត្តចំនួន១៤០នាក់។
អភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម ម៉ុម សារឿន មានប្រសាសន៍នៅក្នងវគ្គបណ្តុះបណ្តាលថា វគ្គបណ្តុះបណ្តាលនេះមានជាការពង្រឹងសមត្ថភាពរបស់មន្ត្រីផ្នែករដ្ឋបាលនិងមានគោលបំណងដើម្បីអោយរដ្ឋបាលក្រុង ស្រុក ប្រធានការិយាល័យចំនុះរដ្ឋបាលខេត្ត ក្រុង ស្រុក និងមន្ទីរអង្គភាពជុំវិញខេត្តមានសមត្ថភាពក្នុងការៀបចំប្រតិបត្តកិច្ចការរដ្ឋបាលរបស់ខ្លួនអោយមានបទដ្ឋានកាន់តែច្បាស់លាស់មានប្រសិទ្ធិភាព និងប្រសិទ្ធិផលក្នុងការផ្តល់សេវារដ្ឋបាលនៅមូលដ្ឋានប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
ឯកឧត្តមបន្តថា នៅពេលដែលមន្ត្រីផ្នែករដ្ឋបាលមានភាពច្បាស់លាស់ក្នុងការរៀបចំកិច្ចការរដ្ឋបាលនិងផ្តល់នូវភាពងាយស្រួលដល់រដ្ឋបាលខេត្តក្នុងការក្តាប់បាននូវទិន្នន័យ ស្ថានភាព សភាពការណ៏មូលដ្ឋាន ថ្នាក់ក្រុង ស្រុកផងដែរ។លោកបញ្ជាក់ថាក្នងន័យនេះមិនមែនមានន័យថាមន្ត្រីថ្នាក់មូលដ្ឋានមិនចេះរៀបចំបែបបទរដ្ឋបាលនោះទេ ប៉ុន្តែជាការបញ្ជាក់ជូនផ្នែកខ្លះនៃរដ្ឋបាលដែលបានធ្វើបច្ចុប្បន្នភាព ឆ្លើយតប និងធានាឲ្យការគ្រប់គ្រង នងការអនុវត្តតួនាទី ភារកិច្ចរបស់មន្ត្រីថ្នាក់ខេត្ត និងរដ្ឋបាលក្រុង ស្រុកប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងបរិយាប័ណ្ណ។
ឡុង កាន់សំនៀង