ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៤ សីហា ២០២០ លោកជំទាវ បណ្ឌិត បាន ស្រីមុំ អនុប្រធានគណ:កម្មការទី៧នៃរដ្ឋសភា ជាតំណាងរាស្ត្រមណ្ឌលប៉ៃលិនបានចូលរួមជួបសំណេះសំណាលជាមួយនិសិត្សអាហារូបករណ៍ក្រោមអធិបតីភាព លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២នៃរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យនិសិត្សជ័យលាភីអាហាររូបករណ៍ JDS ចូលជួបសម្តែងការគួរសម និងស្នើសុំអនុសាសន៍ចង្អុលបង្ហាញរួមទាំងពុទ្ធិគ្រប់ជ្រុងជ្រោយ មុននឹងចាកចេញទៅបន្តការសិក្សានៅប្រទេសជប៉ុន ។


 បន្ទាប់ពីបានស្តាប់ការណែនាំខ្លួន និងរបាយការណ៍ដោយតំណាងនិស្សិតអាហារូបករណ៍ បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្តៅប្រកបដោយទឹកចិត្តរីករាយ និងបានផ្តល់ជាអនុសាសន៍ណែនាំ បទពិសោធន៍ ក៏ដូចជាការលើកទឹកចិត្តជាច្រើនផង ។


  លោកជំទាវ បានលើកឡើងថាអាហាររូបករណ៍រដ្ឋាភិបាលជប៉ុននេះ គឺជាឱកាសដ៏មានតំលៃ ជាស្ពានសម្រាប់ការអភិវឌ្ឍអនាគតសង្គមជាតិ និងសម្រាប់អនាគតរបស់ក្មួយៗនិស្សិតផ្ទាល់។ ហេតុដូចនេះ និសិត្សទាំងអស់ត្រូវរក្សាឱ្យបានគត់មត់នូវឱកាសដ៏សំខាន់នេះក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូបប្រកបដោយបញ្ញាញាណ វិន័យ និងសេចក្តីថ្លៃថ្នូរលោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានសង្កត់ធ្ងន់ថា និស្សិតទំាងអស់ត្រូវធ្វើជាមគ្គុទេសដ៏ល្អម្នាក់ ជាអ្នកការទូតម្នាក់ តំណាងឱ្យកម្ពុជា ដោយរក្សាឱ្យបាននូវកិត្តិយសតម្លៃ និងវប្បធម៌របស់ជាតិដោយត្រូវព្យាយាមលើកកម្ពស់វប្បធម៌ ទេសចរណ៍ និងអត្តសញ្ញាណជាតិ ព្រមទំាងរក្សានូវទំនាក់ទំនងល្អ ជាមួយនិស្សិតជប៉ុន និងប្រទេសដទៃទៀត សំដៅបង្កើនមិត្តបរទេសឈានឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការជាទូទៅ ។ លោកជំទាវ បានបន្តទៀតថា ចំណេះដឹងដែលនិស្សិតបានសិក្សាស្រាវជ្រាវក្នុងសៀវភៅនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ដូចនេះឱកាសនៃការទៅសិក្សានៅជប៉ុននាពេលនេះ គឺជាការសិក្សាពីបទពិសោធន៍ជីវិតជាក់ស្តែងនៅលើទឹកដីនៃប្រទេសដ៏ជឿនលឿន ។


 លោកជំទាវ បានផ្តល់ជាអនុសាសន៍ថា និសិ្សតទំាងអស់ត្រូវយកចិត្តទុកដាក់ និងសិក្សារៀនសូត្រពីស្ថានភាពរបស់ប្រទេសជប៉ុន និងអំពីភាពរីកចម្រើនរបស់ប្រទេសនេះ ដើម្បីពាំនាំនូវចំណុចល្អៗ បច្ចេកវិទ្យា ជំនាញវិជ្ជាជីវៈ យកមកអភិវឌ្ឍន៍ប្រទេសរបស់ខ្លួន ព្រោះថាសព្វថ្ងៃនេះប្រទេសជប៉ុនកំពុងតែរស់នៅក្នុងសង្គមដែលហៅថា Society 5.0 ហើយដោយឡែកកម្ពុជាយើងក៏កំពុងចាប់យកនូវបដិវត្តន៍ឧស្សាហកម្មជំនាន់ទី ៤ (Industrial Revolution 4.០) ដើម្បីអោយសមស្របទៅនឹងនិន្នាការតំបន់ និងសកលលោក។


 នៅក្នុងអនុសាសន៍ណែនាំ លោកជំទាវបានរំលេចបន្ថែមនូវរឿងរ៉ាវត្រួសៗមួយចំនួននៃទឹកចិត្តដ៏ប្រពៃរបស់ជនជាតិជប៉ុន ដែលជានិច្ចកាលបានជួយស្តារ និងលើកស្ទួយការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា។ លើសពីនេះទៀត លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានថ្លែងពន្យល់អំពីរចនាសម្ព័ន្ធដឹកនាំ ក៏ដូចជាតួនាទី និងភារកិច្ចរបស់រដ្ឋសភាក្នុងកិច្ចការបម្រើជាតិមាតុភូមិ ព្រោះប្រព័ន្ធនីតិបញ្ញត្តិនៅប្រទេសជប៉ុនគឺដូចគ្នានឹងកម្ពុជាដែលមានព្រឹទ្ធសភា និង រដ្ឋសភា។


តំណាងនិស្សិត បានថ្លែងថា អាហាររូបករណ៍ JDS ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុន ដ៏ដូចជាអាហាររូបករណ៍នៃរដ្ឋាភិបាលប្រទេសផ្សេងទៀត គឺបានមកដោយសារទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរបស់រាជរដ្ឋាភិបាលកម្ពុជាជាមួយបរទេស ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងដោយបានទទួល បានការគំាទ្រពីសំណាក់ថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់ជាតិ ក្រសួងមន្ទីរនានា ជាពិសេសការផ្តល់កិត្តិយសយ៉ាងថ្លៃថ្លា របស់ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ដែលជាតំណាង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក៏ដូចជាតំណាងស្ថាប័ននីតិប្បញ្ញត្តិរបស់ជាតិផងដែរ។


ជាទីបញ្ចប់ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានជូនពរដល់ក្មួយៗ និស្សិតទាំងអស់ សូមមានសុខភាពល្អ និងធ្វើដំណើរប្រកបដោយសេចក្តីសុខ សប្បាយ និងមានសុវត្ថិភាពព្រមទាំងសម្រេចបាននូវលទ្ធផលផ្លែផ្កាតាមការរំពឹងទុក។ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ក៏បានផ្តល់ជូននិសិត្សកម្ពុជា នូវថវិកាលើកទឹកចិត្តចំនួន ៤០ម៉ឺនរៀលសម្រាប់ម្នាក់ៗ ផងដែរ៕ 


ដោយ៖នីយ៉ា