ប៉ៃលិន៖ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ បានប្រគល់រថយន្តសង្គ្រោះ ១គ្រឿង ដល់មន្ទីរសុខាភិបាលខេត្ត ដែលជាអំណោយរបស់ធនាគារពិភពលោក និងគម្រោង លើកកម្ពស់សុខភាព និងសមធម៌សុខាភិបាល តាមរយៈក្រសួងសុខាភិបាល ដើម្បីបម្រើដល់វិស័យសុខាភិបាលក្នុងខេត្តប៉ៃលិន ឱ្យកាន់តែល្អប្រសើឡើង។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ រថយន្ត សង្គ្រោះ នេះ មាន សារៈសំខាន់ ណាស់ សម្រាប់ ជួយ ប្រជាពលរដ្ឋ ដែលមាន ជំងឺ និងរងគ្រោះថ្នាក់ផ្សេងៗ ដោយដឹក ទៅកាន់ មន្ទីរពេទ្យ បាន ទាន់ពេលវេលា និងក្នុង គ្រា មាន អាសន្ន ផងដែរ។
ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និងសមធម៌ ជាក់ស្តែងការផ្តល់រថយន្តសង្គ្រោះនាពេលនេះ គឺជាសាក្ខីភាពដែលបញ្ជាក់ពីការគិតគូររបស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយការចំណាយថ្លៃព្យាបាល នៅពេលមកទទួល និងប្រើប្រាស់សេវាពិនិត្យសុខភាព ជាពិសេសប្រជាជនក្រីក្រ ជនងាយរងគ្រោះ ស្ត្រី និងកុមារ បានទាន់ពេលវេលា។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល បាន មានប្រសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រី សុខាភិបាលខេត្តប៉ៃលិន ទាំងអស់ ដែលកំពុងបម្រើការនៅតាមមន្ទីរពេទ្យបង្អែក និងតាមមណ្ឌលសុខភាព ត្រូវ បង្កើន ការយកចិត្ត ទុកដាក់ លើ កកម្ពស់ ការពិនិត្យ និងព្យា ល បាល ជំងឺ ជូន ដល់ ប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ហើយរថយន្តដែលទើបទទួលបានថ្មីនេះ ត្រូវ ជួយ ថែរក្សា ឱ្យ បានល្អ ដើម្បីធានាដល់ការប្រើប្រាស់បានយូរអង្វែង សម្រាប់ បម្រើសេវា ដឹកជញ្ជូន អ្នកជំងឺ ពី មូលដ្ឋាន មកកាន់ មន្ទីរពេទ្យ ធ្វើការជួយសង្គ្រោះ បាន ទាន់ពេលវេលា។
បើតាមការបញ្ជាក់របស់លោក ស្លេះ យូ ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន បានឱ្យដឹងថា៖ បច្ចុប្បន្ននៅខេត្តប៉ៃលិន មានរថយន្តសង្គ្រោះរបស់រដ្ឋចំនួន ០៥គ្រឿង ក្នុងនោះនៅមន្ទីរពេទ្យបង្អែកខេត្តចំនួន ០៤គ្រឿង និងមណ្ឌលសុខភាពភ្នំព្រាល ០១គ្រឿង សរុបទាំងរថយន្តដែលទើបទទួលបានថ្មីនេះ គឺមានចំនួន ០៦គ្រឿង៕
ដោយ ៖ នីយ៉ា