ស្ទឹងត្រែងៈកម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តស្ទឹងត្រែងកាលពីថ្ងៃទី៦កញ្ញាឆ្នាំ២០២០ បានចុះបង្ក្រាបទីតាំងបើកសង្វៀនជល់មាន់មួយកន្លែង និងឃាត់ខ្លួនបុរសបើកល្បែងស៊ីងសងម្នាក់នៅចំណុចអូរចំបក់ ស្ថិតនៅក្នុងភូមិសាស្ត្រភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង ។
មន្ត្រីនគរបាលព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថា ប្រធានការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត លោកវរសេនីយ៍ ហោ វុទ្ធី បានដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងបើក សង្វៀនជល់មាន់មួយកន្លែង ដោយធ្វើឡើងក្រោមកិច្ចសហការរវាង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឆ្វាំង និងមានការចូលរួមពីអាជ្ញាធរដែនដី នៅក្នុងមូលដ្ឋាននោះផងដែរ ។
លោកបានបន្តថា នៅក្នុងការចុះបង្ក្រាប ល្បែងស៊ីសងនោះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនបុរសសង្ស័យម្នាក់ ដែលជាអ្នកបើកសង្វៀនជល់មាន់ និងលេងល្បែងផ្សេងៗទៀត ឈ្មោះ លាង ហេង អាយុ ៤៥ឆ្នាំ មានស្រុកកំណើត ភូមិមាន ឃុំមាន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ហើយបានមកស្នាក់នៅ ក្នុងមូលដ្ឋានខាងលើ ដើម្បីបើកសង្វៀនជល់មាន់ និងការប្រព្រឹត្តល្បែងស៊ីសងនានាទៀត។ក្រោយការឃាត់ខ្លួនបុរសសង្ស័យរូបនេះរួចមក សមត្ថកិច្ចបានដកហូត សម្ភារៈដែលបម្រើឲ្យការប្រព្រឹត្ត ល្បែងស៊ីសង បានមួយចំនួន ដូចជា ស៊ុមក្រុងមាន់ចំនួន២០ ស្កុតរុំជើងមាន់ ១៥ដុំ ទូលក់ភេសជ្ជៈ១ តង់ប្រក់ដំបូលពីរ និងសង្ក័សីពីរសន្លឹក ថែមទៀត។បច្ចប្បន្នជនសង្ស័យខាងលើត្រូវបានបញ្ជូនទៅកាន់តុលាការខេត្តស្ទឹងត្រែងចាត់ការតាមនិតិវិធីច្បាប់៕