នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ប្រព័ន្ធផ្លូវ និងសួនច្បារ នៅបរិវេណមន្ទីរពេទ្យបង្អែក ហ៊ុន សែន ស្ទឹងត្រង់ ក្រោមជំនួយរបស់សមគមសាសនាចក្រនៃព្រះយេស៊ូគ្រីស្ទ ពួកបរិសុទ្ធថ្ងៃចុងក្រោយដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត ឯកឧត្ដមជាអភិបាលរងខេត្ត លោកវេជ្ជបណ្ឌិត Steven Lewis អ្នកប្រឹក្សាវេជ្ជសាស្ត្រ នៃសមាគមសាសនាចក្រ និងលោក សៀ សំណាង ប្រធានសមាគមសាសនាចក្រ ប្រចាំនៅកម្ពុជា លោក សៀ សំណាង ប្រធានសមាគម ប្រចាំនៅកម្ពុជា  និងលោក លោកស្រី ជាប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន ។

ក្នុងសុន្ទរកថាស្វាគមន៍ លោកវេជ្ជបណ្ឌិត គីម សួរភិរុណ ប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ចាម បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះ សមគមសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ ពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលបានជួយដល់វិស័យសុខាភិបាល នៅក្នុងខេត្តកំពង់ចាម ជាពិសេស ដល់មន្ទីរពេទ្យបង្អែក ហ៊ុន សែន ស្ទឹងត្រង់ ក្នុងពេលនេះ ។ លោកវេជ្ជបណ្ឌិត ក៏បានលើកឡើងដែរថា ក្នុងដំណាក់កាល នៃការឆ្លងរាលដាល នៃជម្ងឺកូវីដ ១៩ សមាគមខាងលើ ក៏បានជួយឧបត្ថម្ភជាសម្ភារៈ និងថវិកាជាច្រើនដល់យុទ្ធនាការប្រយុទ្ធប្រឆាំងជម្ងឺ ដ៏កាចសាហាវមួយនេះ ផងដែរ ។ ដូច្នេះ ក្នុងនាមថ្នាក់ដឹកនាំមន្ទីរសុខាភិបាល សូមជូនពរដល់តំណាងអង្គការ និងសហការី សូមប្រកបតែសេចក្ដីសុខ និងចំរើន ជានិន្តរ៍តរៀងទៅ ។


លោកវេជ្ជបណ្ឌិត Steven Lewis អ្នកប្រឹក្សាវេជ្ជសាស្ត្រ នៃសមាគមសាសនាចក្រ និងលោក សៀ សំណាង ប្រធានសមាគមសាសនាចក្រ ប្រចាំនៅកម្ពុជា បានឲ្យដឹងថា សមាគមសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិស័ទថ្ងៃចុងក្រោយ បានជួយដល់ធ្វើការអភិវឌ្ឍ នៅលើទឹកដីខេត្តកំពង់ចាម តាំងពីឆ្នាំ២០០៩ មកម៉្លេះ ដោយបានចំណាយបថវិកា ជួយលើវិស័យមនុស្សធម៌ វិស័យអប់រំ និងវិស័យសុខាភិបាល អស់ទឹកប្រាក់ចំនួនប្រមាណ ១.២៨៤.៥៨០ដុល្លារអាមេរិក ។ យ៉ាងណាម៉ិញ នាប៉ុន្មានចុងក្រោយនេះ សមាគមសាសនាចក្រ បាននឹងកំពុងចំណាយថវិការាប់សិបម៉ឺនដុល្លារ ក្នុង ១ឆ្នាំៗ លើវិស័យទាំងនោះ នៅលើទឹកដីខេត្តកំពង់ចាម ដែលជាចំណែកមួយ នៃក្រខ័ណ្ឌសកម្មភាពទូទាំងប្រទេស ។ 


ថ្លែងនាឱកាសនោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានថ្លែងនូវការកោតសរសើរ ចំពោះ សមាគមសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិស័ទថ្ងៃចុងក្រោយ ដែលបានជួយដល់ប្រជាពលរដ្ឋ នៅខេត្តកំពង់ចាម ជាពិសេស ការជួយដល់ប្រជាពលរដ្ឋយើង នូវសំណង់ដែលបំរើដល់វិស័យសុខាភិបាល នៅក្នុងស្រុកស្ទឹងត្រង់ ស្របពេលដែលរាជរដ្ឋាភិបាល បានធ្វើការអភិវឌ្ឍ ដោយផ្សាភ្ជាប់ស្ពានស្ទឹងត្រង់ ក្រូចឆ្មារ ដែលជាសសៃឈាមសេដ្ឋកិច្ច ដ៏មានសារៈសំខាន់បំផុត ក្នុងការលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋក្នុងតំបន់ផង និងការផ្សាភ្ជាប់នូវប៉ូលសេដ្ឋកិច្ច រវាងស្រុកស្ទឹងត្រង់ ទៅក្នុងតំបន់ភូមិភាគឥសាន្ត ផងដែរ ។ តាមរយៈនេះ យើងត្រូវជម្រុញការសាង និងការលើកកម្ពស់សោភ័ណ្ឌភាព ជាពិសេស មន្ទីរពេទ្យបង្អែក ហ៊ុន សែន ស្ទឹងត្រង់ តែម្ដង ដើម្បី ឲ្យប្រជាពលរដ្ឋរស់នៅ ដោយមិនមានភាពភ័យខ្លាច ពីជម្ងឺដង្កាត់ផ្សេងៗ ស្របទៅនឹងការខិតខំប្រឹងប្រែង របស់រដ្ឋបាលខេត្ត ក៏ដូចជា គោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការផ្ដល់សេវាសុខាភិបាល ជូនប្រជាពលរដ្ឋ ផងដែរ។ ដូច្នេះ យើងទាំងអស់គ្នា មិនអាចនៅស្ងៀមបានទេ ពោលគឺ ត្រូវតែរួមគ្នាធ្វើការអភិវឌ្ឍ និងការបង្កើតនូវអ្វីដែលជាសមិទ្ធផល ជាសម្បទា នៃការលើកកម្ពស់សុខមាលភាពសង្គម។ យ៉ាងណាម៉ិញ សមិទ្ធផលថ្ងៃនេះ ត្រូវចំណាយថវិកា ប្រមាណជាង ១៨ម៉ឺនដុល្លារអាមេរិក គឺជាសមិទ្ធផល កកើតឡើង ដោយសារការខិតខំប្រឹងប្រែងរួមគ្នា ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលជម្រុញធ្វើឲ្យកន្លែង ផ្ដល់សេវាសុខាភិបាលមួយនេះ មានបរិយាកាសល្អ មានអនាម័យ និងផ្ដល់នូវទំនុកចិត្តខ្ពស់ លើគុណភាព នៃការផ្ដល់សេវា របស់ក្រុមគ្រូពេទ្យ ទៅដល់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅតំបន់ ផងដែរ។គួរបញ្ជាក់ថា៖ គម្រោងប្រព័ន្ធផ្លូវ និងសួនច្បារ នៅបរិវេណមន្ទីរពេទ្យបង្អែក ហ៊ុន សែន ស្ទឹងត្រង់ ត្រូវចំណាយទឹកប្រាក់ប្រមាណជាង ១៨ម៉ឺនដុល្លារអាមេរិក ក្រោមជំនួយ របស់សមគមសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ ពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលត្រូវបានប្រារព្ធបើកការដ្ឋានសាងសង់ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នេះ៕