ខេត្តពោធិ៍សាត់ ៖ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ នេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តពោធិសាត់ នៅសាលាខេត្តពោធិសាត់។
បន្ទាប់ពីអញ្ជើញជាអធិបតី ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនៃស្នងការដ្ឋាននគរបាលខេត្តពោធិសាត់ រួចមក នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញចុះពិនិត្យកងកម្លាំងអន្តរាគមន៍ និងសមិទ្ធផលនានារបស់ស្នងការដ្ឋាននគរបាលខេត្តពោធិសាត់ផងដែរ។


សូមជម្រាបថា លោកឧត្តមសេនីយ៍ទោ ស ថេង អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ត្រូវបានតែងតាំងជាស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តពោធិសាត់ ជំនួសលោកឧត្តមសេនីយ៍ទោ សារុន ចាន់ធី ដែលត្រូវបានដាក់អោយចូលនិវត្តន៍ និងត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងមហាផ្ទៃ ៕