( ត្បូងឃ្មុំ ):
នៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២០ ផែនទីឋានលេខព្រំដែនគោកខ្នាត ១/២៥.០០០ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋសង្គមនិយមវៀតណាម ត្រូវបានផ្សព្វផ្សាយជាសារធារណៈ ក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ។ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏មុតស្រួចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញាចិត្តដ៏មោះមុត ក្នុងឆន្ទៈ សម្រេចឲ្យបានព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាង ដោយឈរលើមូលដ្ឋាន គោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពដែនដី រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីនាំមកនូវព្រំដែនសន្តិភាព ស្ថិរភាព មិត្តភាព សហប្រតិបត្តិ និងអភិវឌ្ឍរឹងមាំ ដើម្បីភាពចម្រុងចំរើនរបស់ជាតិមាតុភូមិ ស្របតាមគោលការណ៍ច្បាប់ និង ការអនុវត្តន៍ជាអន្តរជាតិ ស្តីពីខ្សែព្រំដែនមិនកែប្រែ នូវពេលដែលកម្ពុជាបានឯករាជ្យ ។
ឯកឧត្តមបណ្ឌិត បានផ្សព្វផ្សាយជាសាធារណៈ នូវផែនទី ឋានលេខព្រំដែនគោកខ្នាត ១/២៥.០០០ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណ:រដ្ឋ សង្គមនិយមវៀតណាម នាថ្ងៃនេះ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រដ៏ធំធេង សម្រាប់កម្ពុជា ហើយក៏ពិធីទទួលស្គាល់ផែនទីជូនទៅស្ថាប័នពាក់ព័ន្ធ ទុកប្រើប្រាស់ជាចាំបាច់ ដែលជាលើកដំបូង ហើយក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលបានផលិតផែនទីព្រំដែន នៃប្រទេសរបស់ខ្លួន ៕