រដ្ឋបាលខេត្តរតនគិរី បានរៀបចំពិធីក្រុងពាលីដើម្បីបួងសួងសុំសេចក្តីសុខ និងតម្កល់ព្រះកេសព្រះពុទ្ធប្បដិមាភ្ជាប់ជាមួយតួព្រះកាយ លើកំពូលភ្នំឥសីបតមៈ(ភ្នំស្វាយ)
នៅព្រឹកថ្ងៃទី៩ ខែកញ្ញាឆ្នាំ២០២០ស្ថិតនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុងខេត្តរតនគិរី។ពិធីនេះធ្វើឡើងតាមបែបព្រហ្មញ្ញសាសនាប្រព្រឹត្តទៅក្រោមវត្តមានឯកឧត្តម ប៊ូ ឡាំ តំណាងរាស្រ្តមណ្ឌលរតនគិរីនិងលោកជំទាវ ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ថង សាវុន អភិបាលខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មន្រ្តីអ្នកមុខអ្នកការជាច្រើនរូបទៀតផងដែរ។
លោក ទេព ណារ៉ា ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត បានឱ្យដឹងថា ព្រះពុទ្ធប្បដិមាដ៏ធំស្កឹមស្កៃនេះ កសាងឡើងក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ថង សាវុន អភិបាលខេត្តនិងលោកជំទាវ ដើម្បីទុកជាកេរដំណែលសម្រាប់ឱ្យពុទ្ធបរិស័ទទូទៅគោរពបូជា។លោកបន្តថា ព្រះពុទ្ធប្បដិមាអង្គធំនេះសាងសង់ពីថ្មភួកដែលបានជៀវពីខេត្តកំពង់ធំមក មានកម្ពស់១៥ម៉ែត្រកន្លះ ដោយគិតទាំងព្រះភ្នែន មានទម្ងន់សរុបប្រមាណ ៣០០តោន ដោយគ្រោងបច្ច័យក្នុងការសាងសង់ជាង២០មុឺនដុល្លា ហើយគ្រោងនឹងបញ្ចប់ការស្ថាបនាសាងសង់នាចុងឆ្នាំ២០២០នេះ។
ភ្នំឥសីបតមៈត្រូវបានរាប់បញ្ចូលជាតំបន់រមណីយដ្ឋានទេសចរណ៍វប្បធម៌ និងធម្មជាតិ ដ៏ស្រស់បំព្រងមួយក្នុងខេត្តរតនគិរី ។ ដូច្នេះពេលដែលព្រះពុទ្ធប្បដិមាអង្គធំសាងសង់រួច នឹងអាចទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិទៅទស្សនាកំសាន្តគយគន់ព្រះសូរិយាហៀបអស្តង្គតដ៏ស្រស់ស្អាត ព្រមទាំងបានថ្វាយបង្គំព្រះអង្គបរិនិពាន្វ និងព្រះពុទ្ធប្បដិមាដ៏ធំនេះផងដែរ៕