ខេត្តប៉ៃលិន ៖ សម្រាមជាច្រើនការ៉ុង ដែលត្រូវបានអាជីវករ និងប្រជាពលរដ្ឋយកទៅគរចោលរយៈពេលជាង១អាទិត្យបានបង្កជាក្លិនស្អុយអាសោច ប៉ះពាល់ដល់សុខភាពផ្លូវដង្ហើមអ្នកបើកបរម៉ូតូចេញចូលទៅមកក្នុងផ្សារ ក្រុងប៉ៃលិន ។ ជាក់ស្តែងគេឃើញមានកាលពីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅក្នុងបរិវេណផ្សារសាមគ្គី ហៅប៉ាហ៊ី ក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
បើតាមប្រភពព័ត៌មានពីបុរសម្នាក់ឈ្មោះ សារ៉េត អាយុ៥០ឆ្នាំ និង ឈ្មោះ អូន អាយុ៥៣ឆ្នាំ រស់នៅក្បែរកន្លែងគេគរចោលសម្រាមខាងលើ ដោយអត់មានក្រុមហ៊ុនដឹកយកទៅចោល បានរៀបរាប់ឱ្យដឹងថា ៖ នៅពេលមានខ្យល់បក់បោកមកពីគ្រប់ទិសម្តងៗ ធ្វើឱ្យពួកគាត់ដែលមានផ្ទះនៅក្បែរគំនរសម្រាមនេះ ពិតជាមានការលំបាកទ្រាំខ្លាំងណាស់ ដោយស្អុយដូចគំរង់ខ្មោចសត្វងាប់ ស្ទើរក្អួតចង្អោរម្តងៗ ជាពិសេសពេលហូបអាហារម្តងៗស្ទើរតែចេញមកក្រៅវិញទាំងអស់ ។ គាត់បន្តទៀតថា កំទេចសម្រាម ដែលគេដឹកយកទៅគរទុកចោលនៅក្នុងបរិវេណផ្សារ និងក្បែរផ្ទះរបស់គាត់ រួមមាន ដូចជា ៖ កំទេចបន្លែ កាកសំណ ល់ផ្ទះបាយ សំបកពងមាន់ ពងទា ឆ្អឹងគោ ឆ្អឹងជ្រូក ក្បាលត្រី ស្រកាត្រី រួមជាមួយនឹងកាកសំណល់បន្លែគ្រប់ប្រភេទផងដែរ ដោយពេលនេះក្លាយទៅជាដង្កូវតូចធំជាច្រើនវាររវើកគួរឱ្យខ្ពើម ។ គាត់បន្តទៀតថា ៖ សម្រាមដ៍ច្រើនបែបនេះ ត្រូវគេគរទុកចោលតាំងពីមុនភ្ជុំបិណ្ឌមកម្លេះ ដោយមិនឃើញក្រុមហ៊ុនដឹកសំរាមនាំគ្នាមកកើបយកទៅចោលឡើយ ។ ការទុកគរចោលសម្រាម អស់រយ:ពេលជាយូរថ្ងៃបែបនេះ ពិតជាប៉ះពាល់ខ្លាំងណាស់ដល់អាជីវករ លក់ដូរក្នុងផ្សារ នៅក្បែរផ្សារ និងប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរដែលចូលមកលេងកម្សាន្តក្នុងខេត្តប៉ៃលិន ក៍អាចប៉ះពាល់ដល់ផ្លូវដង្ហើមផងដែរ ។
ចំណែកអ្នកភូមិប៉ាហ៊ីជើង បានរិះគន់ថា៖ គួរតែមេការក្រុមហ៊ុនសម្រាម ដឹកយកទៅចាក់ចោលនៅកន្លែងទីលានចាក់សម្រាមញឹកញាប់ កទុកយូរពេក ព្រោះរាល់ថ្ងៃនៅក្នុងខេត្តប៉ៃលិន មានរថយន្តអនាម័យដឹកសម្រាមជាច្រើនគ្រឿងដែរ គួរតែយកទៅបោះចោលនៅទីនោះរយៈពេល២ទៅ៣ថ្ងៃម្តង ទើបមិនបង្កផលប៉ះពាល់សុខភាពផ្លូវដង្ហើម ។ ជាពិសេសការទុកចោលសម្រាមគ្មានសណ្តាប់ធ្នាប់បែបនេះ ធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងខូចសោភ័ណភាពក្រុងផងដែរ ។ពាក់ព័ន្ធទៅនឹងបញ្ហាសម្រាមខាងលើនេះ លោក ស៊ុន យី អភិបាលក្រុងប៉ៃលិន បានឱ្យដឹងថា ÷ ខាងលោកអត់ទាន់ដឹងរឿងនេះទេ ចាំប្រាប់មន្រ្តីក្រោមឱវាទឱ្យចុះពិនិត្យ និងទាក់ទងទៅមេការក្រុមហ៊ុនដឹកសម្រាម ឱ្យដឹកយកចាក់ចោលនៅទីលានចាក់សម្រាម ៕