ស្ទឹងត្រែងៈដោយសារតែភ្លើងប្រច័ណ្ឌធ្វើឲ្យស្ត្រីម្នាក់បានដាច់ចិត្តហ៊ានលើកកាំបិតចុងស្រួចចាក់សម្លាប់ប្ដីខ្លួនឯងស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុខណៈដែលប្តីបាននាំស្រីយកទៅដេកនៅផ្ទះចំការកាលពីរសៀលថ្ងៃទី២១កញ្ញា២០២០ចំណុចវាលរំពេ ក្បែរផ្លូវជាតិលេខ៧៨ស្ថិត នៅភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។ អធិការនគរបាលស្រុកសេសានលោកវិរៈសេនីយ៍ឯក ទេស ភាលាភ បានឲ្យដឹងថា ជនសង្ស័យដែលចាក់សម្លាប់ប្ដីខ្លួនឯងមានឈ្មោះ ហួត សុខឡេង អាយុ ៣៦ ឆ្នាំ ភេទស្រី បច្ចុប្បន្នរស់នៅ សង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែង ហើយជនរងគ្រោះដែលត្រូវជាប្ដីដែលប្រពន្ធបានចាក់សម្លាប់នោះមានឈ្មោះ ម៉ុល ចាន់ អាយុ ៣៣ ឆ្នាំ។
លោកបញ្ជាក់ថាបើតាមការរៀបរាប់របស់ស្ត្រីជាជនសង្ស័យខាងលើ មុនឈានឈានទៅដល់ការចាក់សម្លាប់ប្តីខ្លួនឯងគឺបណ្ដាលមកពីភ្លើងប្រច័ណ្ឌ ដែលបុរសជាប្ដី(រងគ្រោះ)នោះមានស្រី ច្រើនរាប់មិនអស់ ហើយថែមទាំងយកស្រីមក នៅផ្ទះចំការនៅកន្លែងកើតហេតុខាងលើទៀតផង ពេលនោះស្ត្រីជាជនសង្ស័យ ក៏ទៅទាន់ប្ដីកំពុងតែនៅក្នុងបន្ទប់ជាមួយ នឹងស្រីផ្សេង ទើបស្ត្រីជាជនសង្ស័យ ទប់កំហឹងមិនបានក៏ប្រតាយប្រតប់ និង ទាញកាំបិត ចាក់ចំភ្លៅខាងស្ដាំ លើចង្គង់ មួយកំបិត ចាក់ចំគល់ភ្លៅ ខាងស្ដាំ មួយកាំបិត នឹងមួយកាំបិតទៀតចំដៃ ខាងឆ្វេង បណ្ដាលឱ្យ រងរបួសយ៉ាងធ្ងន់ធ្ងរ ភ្លាមៗនោះត្រូវបានក្រុមគ្រួសារបញ្ជូនមកកាន់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះ ប៉ុន្តែ មុខរបួសធ្ងន់ធ្ងរពេកមិនអាចជួយសង្គ្រោះបានក៏បណ្ដាលឲ្យស្លាប់តែម្ដង។
នៅខណៈនោះជនសង្ស័យត្រូវជាប្រពន្ធបន្ទាប់ពីបានចាក់សម្លាប់ប្ដីរួចមកមិនបានរត់ទៅណាទេ ភ្លាមៗនោះ ត្រូវបានគេរាយការណ៍ទៅកម្លាំងនគរបាលស្រុកសេសានចុះទៅដល់កន្លែងកើតហេតុ នឹងធ្វើការឃាត់ខ្លួន ជនសង្ស័យបានភ្លាមៗផងដែរ។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់ស្នងការនគរបាលខេត្តស្ទឹងត្រែង ដើម្បី កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូង ខេត្តដើម្បី ចាត់ការតាម ផ្លូវច្បាប់ ដោយឡែក សពជនរងគ្រោះត្រូវបាន សមត្ថកិច្ចប្រគល់ទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕