ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃសុក្រ៩ រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២០នេះ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ែន វិបុល ​អភិបាលខេត្ត​ស្វាយរៀង បាន​អ​ញ្ជើ​​ញជា​អ​ធិ​បតី​ក្នុ​​ងពិ​​ធី​ក្រុងពាលី​ បញ្ចុះបឋមសិលា​សាងសង់ច្រាំងទន្លេ​វ៉ៃ​គោផ្នែក​ខាងត្បូងប្រវែង១៥៤ម៉ែត្រ តភ្ជាប់ពីខាងលិចធ្វើរួចរាល់ប្រវែង៩៧៥ម៉ែត្រ(​ទំនប់​តា​ណេង​) ស្ថិតនៅ​ភូមិ​ មេភ្លើង សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ។​



នៅក្នុង​ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ផងដែរ​ពី​សំណាក់​ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវសមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី​នាយក នាយករង​រដ្ឋបាល​សាលាខេត្ត លោកប្រធាន​មន្ទីរ​-​អង្គភាព នានាក្នុងខេត្ត លោកនាយកទីចាត់ការ/អង្គភាពចំណុះសាលាខេត្ត តំណាង​កងកម្លាំងទាំង៣ លោក​អភិបាលក្រុង​ស្វាយរៀង និង​មន្ត្រី​ពាក់ព័ន្ធ ជា​ច្រើ​នរូ​​ប​ទៀត​។



​សូមបញ្ជាក់ថា ច្រាំងទន្លេ​ដែល​ត្រូវ​ក្រុងពាលីស្ថាបនា​ពេលនេះមានប្រវែង១៥៤ ម៉ែត្រ ផ្នែកខាងត្បូង បន្ថែមពីលើច្រាំងផ្នែកខាងលិចមាន​ប្រវែង ៩៧៥​ម៉ែត្រ ហើយនៅជំហានបន្ទាប់ខាងរដ្ឋបាលខេត្តនឹងរៀបចំ​ក្រាល​ការ៉ូឡា បំពាក់ភ្លើងបំភ្លឺ សួនច្បារ ដាំ​ដើមឈើ​លម្អរ កន្លែង​ហាត់ប្រាណ ព្រមទាំង​មាន​រៀបចំ​វេទិកា​សម្រាប់​ប្រារព្ធ​ពិធី​ប្រណាំងទូក ហើយ​ការអភិវឌ្ឍ និង​កែលម្អ​ច្រាំងទន្លេ​វ៉ៃ​គោ​នេះ គឺជា​គម្រោង​ផែនការ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​របស់​រដ្ឋបាល​ខេត្ត ក្នុង​គោលបំណង​លើកកម្ពស់​សោភ័ណភាព​ក្នុង​ក្រុង និងជាកន្លែងកម្សាន្ត លំហែ​អារម្មណ៍ ហាត់​កីឡា ព្រមទាំងជា​ផ្នែក​មួយ​ចូលរួមចំណែក​ក្នុង​ការលើកកម្ពស់​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ និង​ជំរុញ​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត ហើយក៏​ជា​សំណង់​ដៃប្រ​ត្តិ​សាស្ត្រ​សំរាប់​ខេត្តស្វាយរៀង​ផងដែរ ។



​ចំពោះ​គម្រោង​អភិវឌ្ឍ​នេះ រដ្ឋបាលខេត្ត សង្ឃឹម​ជឿជាក់​យ៉ាង​មុត​មាំថា បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ត ជាពិសេស​ប្រជាពលរដ្ឋ​រស់នៅក្នុង​ក្រុង​ស្វាយរៀង នឹង​អបអរសាទរ​ទទួលយក​សមិទ្ធ​ថ្មី​ដែលជា​ប្រយោជន៍​រួម​នេះដោយ​ក្ដី​រីករាយ ៕