ខេត្តស្វាយរៀង៖នៅរសៀលថ្ងៃទី ២២ខែកញ្ញាឆ្នាំ២០២០ក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយលោក ហង់ សុពលិ មន្ដ្រីផ្នែកដោះស្រាយផលប៉ះពាល់ និងលោកហែម សារិទ្ធអភិបាលស្រុកស្វាយជ្រំ បានចុះពិនិត្យមើលគម្រោងកែលម្អផ្លូវជនបទជំហានទី៣ (RRIP.III)ដែលមានប្រវែងជាង១១គីឡូម៉ែត្រនៅ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ក្នុងការចុះពិនិត្យគម្រោងនេះដែរក៏មានការចូលរួមពីលោកស្រី ស្រីសាម៉ៃ មន្រ្តីផ្នែកយេនឌ័រ និងលោកស្រី ហោ បូឡា មន្រ្តីផ្នែកបរិស្ថាន  ព្រមទាំងលោក ភោគ វណ្ណថន មេឃុំក្រោលគោ លោកមេឃុំស្វាយអង្គ លោកលោកស្រីមេភូមិ អនុភូមិ សមាជិកភូមិ ព្រទាំងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

លោកហែម សារិទ្ធអភិបាលស្រុកស្វាយជ្រំបានថ្លែងថាគម្រោងកែលម្អផ្លូវជនបទជំហានទី៣ (RRIP.III) ស្ដីពីការលើកកម្ពស់ស្រ្តីឲ្យចូលរួមក្នុងការងារសាងសង់ និងថែទាំផ្លូវជនបទ សុវត្តិភាពសង្គម សម្រាប់អ្នកម៉ៅការ និងអាជ្ញាធរមូលដ្ឋាន ដែលមានផ្លូវ ០១ ខ្សែ ពីឃុំក្រោលគោ ( ក្លោងទ្វាវត្តបឹងរ៉ៃ) ឆ្ពោះទៅ ឃុំស្វាយអង្គ ឆ្លងកាត់វត្តស្វាយផ្អែម ប្រវែង ១១១០០ ម៉ែត្រ។មាន ២ ឃុំ ស្មើ ១០ ភូមិ ដោយគម្រោងផ្លូវក្រាលកៅស៊ូ១ខ្សែនេះ បានប្រភពថវិកាពីមូលនិធិ អភិវឌ្ឍន៍អាស៊ី ADB និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាមួយចំនួន ដែលបានដាក់ឲ្យក្រុមហ៊ុនដេញថ្លៃរួចហើយ នឹងចាប់ដំណើរការសាងសង់ក្នុងពេលដ៏ខ្លីខាងមុខនេះ ។ ហើយថ្ងៃនេះដែរក្រុមការងារក្រសួង អភិវឌ្ឍន៍ជនបទនិងអាជ្ញាធរស្រុកស្វាយជ្រំបានចុះពិនិត្យដល់ទីតាំងផ្លូវដែលត្រូវសាងសង់នាពេលខាងមុខផងដែរ ។




លោកហែម សារិទ្ធបានបញ្ជាក់ថាគំរោងផ្លូវលំមួយខ្សែនេះខណៈដែលសាងសង់រួចរាល់បានផ្ដលអត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋនៅស្រុកស្វាយជ្រំដែលអាចធ្វើដំណើរបានងាយស្រួលក្នុងការដឹកកសិផលទៅកាន់ទីផ្សារនិងក៏ដូចជាដឹកជំងឺទៅកាន់មន្ទីពេទ្យផងដែរ ហើយទាំងអស់នេះគឺជាការយកចិត្តទុកដាក់ពីប្រមខរាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានជំរុញការស្ថាបនាផ្លូវជាតិ ផ្លូវដែក ស្ពាន ផ្លូវលំជនបទដែលធ្វើឲ្យប្រជាពលរដ្ឋមានការគាំទ្រយ៉ាងខ្លាំងព្រោះបានចូលរួមកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋតាមរយៈមានផ្លូវល្អក្នុងការធ្វើដំណើរ៕