ខេត្តប៉ៃលិន÷គេប្រទះឃើញសពបុរសមានជម្ងឺសរសៃប្រសាទម្នាក់នៅក្នុងស្រះទឹកក្បែរផ្ទះ ខណៈជនរងគ្រោះដើរទៅបន្លែត្រកួនម្នាក់ឯង លុះសង្ស័យជម្ងឺរើឡើងវិញ បណ្តាលឱ្យដួលធ្លាក់ទៅក្នុងស្រះទឹកលង់ស្លាប់តែម្តង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង២០នាទីរសៀល ថ្ងៃចន្ទ ១១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅភូមិបុស្អំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ប្រភពព័ត៍មាន បានឱ្យដឹងថា ៖ ជនរងគ្រោះ មាន ឈ្មោះ គុយ ពៅ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅរស់នៅភូមិខាងលើ ។ ប្រភពបន្តទៀតថា មុនពេលកើតហេតុគេឃើញជនរងគ្រោះ ដើរទៅខាងក្រោយផ្ទះតែម្នាក់ឯង ដើម្បីបេះបន្លែត្រកួននៅក្នុងស្រះក្បែរផ្ទះរបស់ឈ្មោះ គុយ ធី ត្រូវជាបងបង្កើតរបស់ខ្លួនយកមកធ្វើម្ហូប លុះសង្ស័យតែជម្ងឺសរសៃប្រសាទរើឡើងវិញ វិលមុខរអិលជើងដួលចូលទៅក្នុងស្រះទឹក បណ្តាលឱ្យលង់ស្លាប់តែម្តង ។ ពេលបាត់ជនរងគ្រោះអស់រយៈពេលយូរ ក៍ដើររកមើល ក៍ប្រទះឃើញស្លាប់នៅក្នុងស្រះទឹកបង្កឱ្យមានការភ្ញាក់ផ្អើល ។ បច្ចុប្បន្ន សពបុរសរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ច ចុះទៅត្រួតពិនិត្យ រួចធ្វើកោសល្យវិច័យ ហើយប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕