ខេត្តពោធិ៍សាត់៖ សមត្ថកិច្ចស្រុកតាលោសែនជ័យ សហការចុះស្រាវជ្រាវ និងបង្រ្កាបជនសង្ស័យ ១នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈលើកុមារីអាយុ៤ឆ្នាំ ។ ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យនេះ ធ្វើឡើងនៅវេលាម៉ោង៩ និង២២នាទី ព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចចម្ការគរ ស្ថិតនៅភូមិនៅភូមិរហាទិល ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។​ ប្រភពព័ត៌មានពីកម្លាំងសហការដែលបានចុះដល់កន្លែងកើតហេតុ ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ វ៉ុន សុីផៃ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅចំណុចស្ថិតនៅភូមិ.ឃុំកើតហេតុ ចំណែកកុមារីរងគ្រោះឈ្មោះ ស ដល អាយុ ៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់ក្នុងបន្ទុកគ្រួសារឪពុកម្ដាយ ស្ថិតនៅភូមិ.ឃុំជាមួយគ្នា ។ ប្រភពដដែលបន្តទៀតថា មុនកើតហេតុកុមារីរងគ្រោះ និងបងស្រីអាយុ១០ឆ្នាំបាននាំគ្នាទៅលេងផ្ទះជនសង្ស័យ ប៉ុន្តែជនសង្ស័យបានប្រើកុមារីជាបងទៅទិញកាតទូរស័ព្ទ ទើបមានឱកាសធ្វើសកម្មភាពលើកុមារីរងគ្រោះរហូតបានសម្រេច ។ ប្រភពដដែលបញ្ជាក់បន្ថែមទៀតថា ទោះជាយ៉ាងណាក្ដីជនសង្ស័យ(វ៉ុន សុីផៃ)បានឃាត់ខ្លួនដើម្បីនាំយកទៅបន្តនីតិវិធី ចំណែកកុមារីរងគ្រោះស្ថិតលើមន្រ្តីជំនាញ និងក្រុមគ្រួពេទ្យបច្ចេកទេស ធ្វើការពិនិត្យជាក់ស្ដែងទើបមានលទ្ធផលច្បាស់លាស់ ៕