ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃអង្គារ ១៤កើត ខែ ភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ ២០២០ លោក សរ វណ្ណា នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង  បានចាត់តាំងឱ្យមន្ត្រី ក្រុមប្រតិបត្តិសាខា សហការជាមួយអនុសាខាក្រុងបាវិត និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ចុះធ្វើការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ និងបង្ហាញពីរបៀបលាងដៃឱ្យបានត្រឹមត្រូវ និងផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាលដោយប្រដាប់បំពងសម្លេងតាមម៉ូតូ ។



 ក្រោមការឧបត្ថម្ភថវិកាដោយសហព័ន្ធអន្តជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម (IFRC) ដល់ប្រជាពលរដ្ឋចំនួន២៩៧ នាក់ ស្រី ១៨៥ នាក់ស្មើនឹង ៩៥ខ្នងផ្ទះ ស្ថិតនៅក្នុងភូមិជ្រៃធំ និងភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ។ 



ក្នុងឱកាសនោះ ក្រុមការងារទាំងអស់បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូបសូមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

១. លាងដៃឲ្យបានញឹកញាប់នឹងជាប្រចាំជាមួយសាប៊ូ និងទឹកស្អាត  ឬទឹកអាល់កុលលាងដៃ  

២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រើកែងដៃ  ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ

៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ  

៤. ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់  

៥. បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ  

៦. ជៀសវាងប៉ះពាល់ជាមួយសត្វព្រៃរស់ ឬកន្លែងចិញ្ចឹមសត្វដោយគ្មានពាក់សម្ភារៈការពារខ្លួន។

សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទាក់ទងទៅលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ ។ ក្រុមការងារក៏បានចែកម៉ាស សាប៊ូដុំ ប័ណ្ណប្រកាស ដល់អ្នកចូលរួម ព្រមទាំងបិទខិតប័ណ្ណផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ ១៩ តាមខ្នងផ្ទះផងដែរ ។