ខេត្តកណ្ដាល៖ បុរសជាអតីតប្ដីម្នាក់បានជិះម៉ូតូ១គ្រឿងដេញតាមចាក់សម្លាប់អតីតប្រពន្ធដែលទើបតែលែងលះគ្នាជាង១ខែរហូតដល់ស្លាប់នៅក្នុងថ្លុកឈាម បន្ទាប់មកក៏បានធ្វើអត្តឃាតដោយអារ.ក និងចាក់សម្លាប់ខ្លួនឯងតាមក្រោយ ប៉ុន្តែមិនស្លាប់ឡើយគ្រាន់តែរងរបួសធ្ងន់ធ្ងរ។ ចំពោះអំពើឃាតកម្មនេះត្រូវបានគេដឹងថាផ្ដើមចេញពីរឿងជនដៃដល់តាមសុំអតីតប្រពន្ធរួមរស់មូលគ្នាវិញ ប៉ុន្តែនាងមិនព្រមឡើយ ទើបធ្វើឲ្យជនឃោរឃៅរូបនេះខឹងសម្បារក៏បានសម្រេចចិត្តធ្វើបែបនេះតែម្ដងទៅ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៨និង២៥នាទីយប់ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ នៅតាមផ្លូវជាតិលេខ៤ ភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល។



ជនដៃដល់ឈ្មោះគួ ​ធន់​ អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ​ មានទីលំនៅក្នុងភូមិត្រពាំងខ្នា ឃុំឆក់ឈើនាង​ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ចំណែកស្ត្រីដែលស្លាប់ឈ្មោះ​ សុខ ​ផល្លី​ អាយុ២៧ឆ្នាំជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ​ មានទីលំនៅក្នុងភូមិត្រពាំងពើក ឃុំពើក​ ស្រុកអង្គស្នួល ខេត្តកណ្តាល ។


តាមប្រភពព័ត៌មានបានឲ្យដឹងថា អ្នកទាំង២មានកូនប្រុស១នាក់និងស្រី១នាក់នៅក្នុងបន្ទុកគ្រួសារផងដែរ និងបានលែងលះគ្នាដាច់ស្រេចរយៈពេល១ខែកន្លងមកហើយ មិនតែប៉ុណ្ណោះ កាលពីពេលថ្មីៗនេះជនដៃដល់ដែលជាអតីតប្ដីបានសុំអតីតប្រពន្ធរួមរស់ជាមួយគ្នាវិញប៉ុន្តែត្រូវបាននាងបដិសេធន៍មិនព្រម ទើបធ្វើឲ្យជននេះខឹង ។លុះដល់ថ្ងៃកើតហេតុ ខណៈដែលអតីតប្រពន្ធកំពុងជិះម៉ូតូជនដៃដល់ក៏ជិះម៉ូតូដេញតាមចាក់បណ្ដាលឲ្យដួលស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាមតែម្ដង។បន្ទាប់មកជននេះក៏បានអារកនិងចាក់ខ្លួនឯងសម្លាប់ខ្លួនតាមក្រោយ ប៉ុន្តែមិនស្លាប់គ្រាន់តែរងរបួសធ្ងន់និងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ តែដោយមានសភាពធ្ងន់ធ្ងរពេកទើបបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យកាល់ម៉ែតដើម្បីសង្រ្គោះបន្ទាន់វិញ៕