ខេត្តស្វាយរៀង៖ នៅថ្ងៃពុធ ១៥កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០២  ខែកញ្ញា ឆ្នាំ២០២០មន្ត្រីក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត សហការជាមួយក្រុមការងារអនុសាខា កាកបាទក្រហមក្រុងបាវិត និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមភូមិ ឃុំ បន្តចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារការរាតត្បាតជំងឺកូវីដ ១៩ បង្ហាញពីរបៀបលាងដៃអោយត្រឹមត្រូវ និងផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាលដោយប្រើប្រាស់មេក្រូ បិទផុស្ទ័រ ពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩។



ក្រុមការងារបានចុះផ្សព្វផ្សាយ បិទ Poster ចែកប័ណ្ណប្រកាស សាប៊ូដុំ ម៉ាស់ និងចាក់សារអប់រំតាមឃោសនា ពីការកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីឌ១៩ បានចំនួន០២ភូមិ ស្មើនឹង៦២ខ្នងផ្ទះ ស្ថិតនៅភូមិព្រៃទប់ និងភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ដែលមានអ្នកចូលរួមសរុបចំនួន ១៩៥នាក់ ស្រី ១២៣នាក់  ក្រោមការឧបត្ថម្ភថវិកាដោយសហព័ន្ធអន្តជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម(IFRC)។



នាឱកាសនោះ ក្រុមការងារទាំងអស់ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប សូមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេស៖

១. លាងដៃឲ្យបានញឹកញាប់នឹងជាប្រចាំជាមួយសាប៊ូ និងទឹកស្អាត  ឬទឹកអាល់កុលលាងដៃ  

២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រើកែងដៃ  ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ

៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ  

៤. ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់  

៥. បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ  

៦. ជៀសវាងប៉ះពាល់ជាមួយសត្វព្រៃរស់ ឬកន្លែងចិញ្ចឹមសត្វដោយគ្មានពាក់សម្ភារៈការពារខ្លួន។

សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទាក់ទងទៅលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ។

ឆ្លៀតក្នុងឱកាសនោះដែរ ក្រុមការងារបានបញ្រ្ជាបការអប់រំផ្សព្វផ្សាយបន្ថែមអំពី ការចូលរួម គោរពច្បាប់ចរាចរផ្លូវគោក និងការការពារជំងឺគ្រុនឈាម ធ្វើអនាម័យសំអាតបរិស្ថាន ដល់អ្នកចូលរួមផងដែរ។