(ភ្នំពេញ)៖ លោកជំទាវ បាន ស្រីមុំ អនុប្រធានគណៈកម្មការអប់រំយុវជន កីឡា ធម្មការ កិច្ចកាសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានដឹកនាំប្រតិភូសមាជិកសភាវ័យក្មេងកម្ពុជា ចូលរួមកិច្ចប្រជុំរបស់សមាជិកសភាអាយប៉ាវ័យក្មេង ស្តីពីការចូលរួមរបស់សមាជិកសភាអាយប៉ាវ័យក្មេង ក្នុងការកសាងសហគមន៍អាស៊ាន តាមរយៈប្រព័ន្ធវីដេអូ ក្នុងឱកាសនៃមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា) លើកទី៤១ ដែលសភាប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះ នៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០។សមាសភាពគណៈប្រតិភូសមាជិកសភាវ័យក្មេងកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំនេះមាន ឯកឧត្តម សុខ សូកាន អនុប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា ឯកឧត្តម សន សារ៉ាណា សមាជិកគណៈកម្មការទី៣ នៃរដ្ឋសភា ឯកឧត្តម ងួន សុជាតិ សមាជិកគណៈកម្មការទី៥ នៃរដ្ឋសភា និងឯកឧត្តម យឹម លាត សមាជិកគណៈកម្មការទី២ នៃរដ្ឋសភា។
នៅក្នុងបទអន្តរាគមន៍ ទៅកាន់កិច្ចប្រជុំនាពេលនេះ លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា កម្ពុជាគឺជាប្រទេសដែលមានយុវជនច្រើនលើសលុប។ យុវជនកម្ពុជាតំណាងឱ្យកម្លាំងពលកម្មដ៏មានសក្តានុពល និងស្វាហាប់នេះ បើយោងតាមការបែងចែកនៅក្នុងប្រជាសាស្ត្រ។ ដោយសារយុវជនបានក្លាយជាកត្តាឈានមុខក្នុងការជំរុញនូវភាពរុងរឿងនាពេលអនាគត រាជរដ្ឋាភិបាលកម្ពុជាបានខិតខំបន្ថែមទៀតក្នុងការធ្វើឱ្យយុវជនកាន់តែមានសក្តានុពល តាមរយៈធ្វើការផ្តោតលើប្រជាជន និងការអភិវឌ្ឍធនធានមនុស្ស ដោយចាត់ទុកជាវិស័យអាទិភាពនៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ តាមរយៈការពង្រឹងគុណភាពអប់រំ បច្ចេកវិទ្យាវិទ្យាសាស្ត្រ និងការបណ្តុះបណ្តាលបច្ចេកទេស ការលើកកម្ពស់សុខភាពសាធារណៈ និងអាហារូបត្ថម្ភ ការធ្វើឱ្យប្រសើរឡើងនូវសមភាពយេនឌ័ រ និងការគាំពារសង្គម។

លោកស្រីបន្តថា យើងទាំងអស់គ្នាពិតជាចង់ឃើញនូវអត្ថប្រយោជន៍របស់សមាជិកសភាអាយប៉ាវ័យក្មេង សម្រាប់យុវជនកម្ពុជា ក៏ដូចជាយុវជនអាស៊ាន។ ក្រោមគំនិតផ្តួចផ្តើមជាមួយនឹងការសហការយ៉ាងជិតស្និទ្ធនៃរដ្ឋ ជាសមាជិកទាំងអស់ នឹងអាចជម្រុញនូវភាពជាសហគ្រិនវ័យក្មេង ការចាប់ផ្តើម ការស្ម័គ្រចិត្ត ការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ និងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលទាំងអស់នេះពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់យុវជនសព្វថ្ងៃ។ យើងទាំងអស់គ្នាសង្ឃឹមថាគំនិតផ្តួចផ្តើមនេះនឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវេទិកាយុវជនអាស៊ានឆ្ពោះទៅរកការសម្រេចបាននូវផែនការការងារអាស៊ាន ស្តីពីយុវជន ឆ្នាំ២០១៦-២០២០ ។

ចំណែកនៅក្នុងសេចក្តីសម្រេច របស់កិច្ចប្រជុំសមាជិកសភាអាយប៉ាវ័យក្មេង ដែលបានលើកយកមកពិភាក្សាគ្នា គឺបានទទួលស្គាល់តួនាទីដ៏មានសក្តានុពល និងការចូលរួមចំណែករបស់យុវជនក្នុងការអភិវឌ្ឍជាតិនិងសមិទ្ធិផលនៃការអភិវឌ្ឍប្រកបដោយចីរភាពតាមរយៈការគិតប្រកបដោយភាពច្នៃប្រឌិត ក្នុងការកសាងសហគមន៍អាស៊ានក៏ដូចជាការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការសម្រេចគោលដៅនៃចក្ខុវិស័យសហគមន៍អាស៊ានតាមរយៈការអនុវត្តនការការងារអាស៊ានស្តីពីយុវជនឆ្នាំ២០១៦-២០២០ និងបានបញ្ជាក់ពីភាពចាំបាច់ក្នុងការពង្រឹងសំឡេងយុវជន និងសមាជិកសភាវ័យក្មេង និងការចូលរួមរបស់ពួកគេក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃបណ្តាប្រទេសសមាជិកអាស៊ាននីមួយៗ៕