ភ្នំពេញ៖មុខសញ្ញាវាយ កាប់ប្លន់ ឆក់ រួមជាមួយអ្នកទទួលផលចោរកម្មសរុបចំនួន៦នាក់ត្រូវនគរបាលខណ្ឌកំបូលធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ ហើយក្រោយពេលសាកសួរនិងកសាងសំណុំរួចរាល់ រហូតដល់ម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នគរបាលបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីផ្ដន្ទាទោសតាមច្បាប់។នគរបាលខណ្ឌកំបូលបានបញ្ជាក់ប្រាប់ថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនខាងលើនោះទី១,ឈ្មោះ អ៊ុល សំអាត ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ។ទី២,ឈ្មោះ ហម ដារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ។ទី៣,ឈ្មោះ ទូច រដ្ឋា ហៅ ចន្ថា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ។ទី៤,ឈ្មោះ ឃិន ច័ន្ទដេវីត ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិព្រែកតាឡុង សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ទី៥,ឈ្មោះ ឃឿន ពេជ្រភារុន ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិព្រែកតាឡុង សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ទី៦,ឈ្មោះ សួគ៌ ពួង ហៅ សូរ ពួង ភេទប្រុស អាយុ៣០ឆ្នាំ ជាអ្នកទទួលផលចោរកម្មមានទីលំនៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពដដែលបានបន្តទៀតថា កម្លាំងនគរបាលខាងលើបានបើកប្រតិបត្តិកាបង្រ្កាបក្រុមជនសង្ស័យតាំងពីវេលាយប់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ មកម្ល៉េះខណៈចេញល្បាត ពួនស្ទាក់បទល្មើសនៅក្នុងមូលដ្ឋាន ហើយបានប្រទះឃើញជនសង្ស័យឈ្មោះ សួគ៌ ពួង កំពុងជិះម៉ូតូ១គ្រឿងម៉ាក ZOOMER -X ពណ៌ផ្ទៃមេឃ ១គ្រឿង។ខណៈនោះដោយសារតែឃើញម៉ូតូពាក់ស្លាកលេខមិនប្រក្រតីទើបធ្វើឲ្យមានការសង្ស័យ ហើយកម្លាំងក៏បានឃាត់ត្រួតពិនិត្យនិងសួរនាំទើបដឹងថាជាម៉ូតូដែលចោរប្លន់បានយកមកលក់ឲ្យជននោះដែលជាអ្នកទទួលផលចោរកម្មក្នុងតម្លៃ១៥០ដុល្លារ ហើយកម្លាំងក៏ចាប់ខ្លួនតែម្ដង។នគរបាលបានបញ្ជាក់ថា ពេលកម្លាំងប្រទះឃើញគឺម៉ូតូនេះពាក់ស្លាកលេកណ្តាល 1S-2047 ដែលជាស្លាកលេខមិនប្រក្រតី ប៉ុន្តែស្លាកលេខពិតរបស់ម៉ូតូនេះគឺភ្នំពេញ 1DH-5464 ដែលក្រុមជនសង្ស័យខាងលើប្លន់យកពីស្រ្តីម្នាក់ឈ្មោះ ហង្ស ចាន់រតនា អាយុ៣៥ឆ្នាំ មានទីលំនៅភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ។ បន្ទាប់មកកម្លាំងបានឆែកឆេរផ្ទះនោះរកឃើញគ្រឿងម៉ូតូនិងស្លាកលេខច្រើនទៀត ក្រោយមកកម្លាំងក៏បានធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនមុខសញ្ញាប្លន់៥នាក់ទៀតរួចនាំទៅសាកសួរនៅអធិការដ្ឋានខណ្ឌកំបូល ហើយរហូតដល់ព្រឹកថ្ងៃទី១១ ខែកញ្ញា បន្ទាប់ពីការកសាងសំណុំរឿងរួចរាល់ទើបបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់៕