( ត្បូងឃ្មុំ ):
ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ និងជាប្រធានសម្របសម្រួលថ្នាក់ខេត្តនៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ច ជំហាន ២ របស់រាជរដ្ឋាភិបាលកម្ពុជា គាំទ្រមូលនិធី ដោយធនាគារពិភពលោក បានអញ្ជើញជួបសំណេះសំណាល និងប្រគល់សម្ភារៈ កូនត្រី កូនកង្កែប និងចំណី ដល់សម្បទានិក ២០គ្រួសារ ដែលមានពូជត្រីអណ្តែងសរុបចំនួន ៦៤ គីឡូក្រាម ស្មើនឹង ១៩.២០០ ក្បាល សម្រាប់សម្បទានិក ១៦ គ្រួសារ និងកូនកង្កែបចំនួន ១.៦០០ ក្បាល សម្រាប់សម្បទានិក ៤ គ្រួសារ នៅភូមិស្រែលើសែនជ័យ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២០ ។


ឯកឧត្តម ពាង ណារិទ្ធ បានមានប្រសាសន៍ថា ការផ្ដល់ជូនសម្ភារ ពូជត្រី និងកង្កែបពេលនេះ ដើម្បីជួយសម្រួលនូវការស្វែងរកពូជ ក្នុងការចិញ្ចឹម ទោះបីជាមិនអាចជួយឲ្យបងប្អូនមានជីវភាពធូរធារភ្លាមៗ តែនេះជាធាតុផ្សំបំពេញនូវតម្រូវការរបបអាហារប្រចាំថ្ងៃ និងអាចសល់សម្រាប់លក់ជូនប្រជាពលរដ្ឋ ក្នុងភូមិ ដើម្បីបង្កើនប្រាក់ចំណូល ជាទុនយកទៅពង្រីកបន្ថែម នាពេលខាងមុខ ។ ឯកឧត្តម និងក្រុមការងារ បានចុះពិនិត្យការដាំបន្លែ និងការចិញ្ជឹមនៅតាមផ្ទះប្រជាកសិករដោយបានណែនាំតម្រង់ទិសបច្ចេកទេសបន្ថែម និងជំរុញឲ្យធ្វើការពង្រីកការដាំដុះបន្ថែមទៀត ជៀសវាងការទុកដីឲ្យទំនេរ បានជំរុញផលិតឲ្យបានច្រើន រួចយកកសិផលទាំងនោះទៅតាំងលក់នៅទីតាំងផ្សារសហគមន៍ដែលមានស្រាប់ និងនាំលក់នៅភូមិសាស្ត្រក្រៅភូមិ ។


ឯកឧត្តមបានណែនាំដល់សម្បទានិកទាំងអស់ ត្រូវចូលរួមអនុវត្ត ឲ្យអស់លទ្ធភាព លើដីកសិកម្ម ដែលរាជរដ្ឋាភិបាលបានចែកជូន និងចូលរួមថែរក្សាព្រៃសហគមន៍ ដើម្បីជាប្រយោជន៍រួម ដល់សម្បទានិក អាចអាស្រ័យផលបានទាំងអស់គ្នា និងសូមកុំទន្ទ្រានកាន់កាប់ដោយខុសច្បាប់ ដែលនឹងនាំឲ្យមានការលំបាក និងបាត់បង់ផលប្រយោជន៍រួម ។បន្ទាប់មក ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្ត រួមនឹងលោក ហេង ពិសេស បានបន្តដំណើរទៅដាំកូនឈើជានិម្មតរូបនៅក្នុងព្រៃសហគមន៍និងបរិវេណអគារសហគមន៍ ចំនួន ៨០០ ដើម លើផ្ទៃដី ១,៥ ហិកតា រួមមានប្រភេទ ឈើធ្នង់ ឈើក្រញូង ឈើបេង ឈើសុក្រំ និងឈើកកោះ ទុកជាប្រយោជន៍សម្រាប់ជីវិតមនុស្ស និងសត្វនាតំបន់នេះ ពិសេសជាផ្នែកមួយនៃគម្រប់បៃតងដ៍រឹងមាំសម្រាប់ភពផែនដីទាំងមូលផងដែរ ៕